ព័ត៌មានជាតិ

ARDB ចុះ​ MOU ជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបង្កើនការប្រើប្រាស់សេវាកម្ម របស់ធនាគារ សម្រាប់កៀងគរ និងទទួលវិភាគទានសប្បុរសធម៌

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម (ARDB) និងមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម សម្រាប់កៀងគរ និងទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលធ្វើឡើងនៅស្នាក់ការធនាគារ ARDB ក្រោមអធិបតីភាព​ លោកបណ្ឌិត កៅ​ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា ។

ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងចូលរួមទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ សម្រាប់និរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រើប្រាស់សេវា ធនាគារឌីជីថល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

ការប្រើប្រាស់សេវាកម្មធនាគារ ក្នុងការប្រមូលវិភាគទានសប្បុរសធម៌ ពីសាធារណជន នឹងផ្តល់លក្ខណៈងាយស្រួល ដល់សាធារណជន ក្នុងការចូលរួមបរិច្ចាគវិភាគទាន ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីធានានិរន្តរភាពសេវាកម្ម របស់មន្ទីរពេទ្យ ក្នុងការលើកកម្ពស់សុខមាលភាព ដល់មាតា​ ទារក និងកុមារ ដែលជាមូលដ្ឋានគ្រឹះសំខាន់ ក្នុងការកសាងកម្លាំងពលកម្ម ប្រកបដោយចីរភាពស្របតាមចក្ខុវិស័យ របស់រដ្ឋាភិបាល ។

ការចុះអនុស្សរណៈនៅថ្ងៃនេះ ជាសក្ខីភាពដែលបង្ហាញ អំពីការចូលរួម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការគាំទ្រ និងផ្តល់កិច្ចសហការ ជាមួយមូលនីធិគន្ធបុប្ផាកម្ពុជា សំដៅចូលរួមចំណែក ជួយសង្គ្រោះជីវិតកុមារកម្ពុជា ។ ព្រមជាមួយគ្នានេះថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB បានស្ម័គ្រចិត្តចូលរួមបរិច្ចាគវិភាគទានប្រចាំខែ ចាប់ពីថ្ងៃចុះអនុស្សរណៈនេះតទៅ ។

ក្នុងឱកាសនោះដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានប្រគល់ថវិកាចំនួន ២៥.០៥២.០០រៀល ដែលបានទទួលការបរិច្ចាគថវិកាពី លោកបណ្ឌិត កៅ​ ថាច និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម

សាធារណជនដែលមានបំណង ចូលរួមបរិច្ចាគវិភាគទាន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សូមផ្ទេរ ឬដាក់ប្រាក់ចូលគណនី មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានឈ្មោះ និងលេខគណនី នៅធនាគារ ARDB ដូចខាងក្រោម៖ 

-ឈ្មោះគណនី៖ Cambodia Kantha Bopha Foundation

-លេខគណនីជាប្រាក់រៀល៖​ ១០២០០០០៣៧០

-លេខគណនីជាប្រាក់ដុល្លារអាមេរិក៖​  ២០២០០០២៩៣១

To Top