ព័ត៌មានជាតិ

ការផ្សព្វផ្សាយ អំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ របបសន្តិសុខសង្គម សំខាន់ណាស់ ដែល ប.ស.ស. តែងតែយកចិត្តទុកដាក់ខ្ពស់

តាកែវ ៖ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ  និងជាសមាជិកក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្កាគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក) បានបញ្ជាក់ឲ្យដឹងថា ការផ្សព្វផ្សាយអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត វាគឺជារឿងសំខាន់ណាស់ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះអប់រំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម ជូនដល់បងប្អូនកម្មករនិយោជិតបានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ក្នុងការថែរក្សាសុខភាព ការរក្សាបាននូវអនាម័យខ្លួនប្រាណ និងនីតិវិធីនានាស្តីពីលក្ខខណ្ឌការងារផងដែរ។

លោក អ៊ុក សំអូន តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ប៉ុក វណ្ណថាត ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទ.ស.ប.ក នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់រដ្ឋបាល ក្រុមគ្រូពេទ្យ និងបងប្អូនកម្មករនិយោជិត នៃរោងចក្រ JD & TOYOSHIMA CO ., LTD នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ នេះបានបន្តទៀតថា៖ ជាមួយនឹងការទទួលបាន ចំណេះដឹងខាងលើនេះ បងប្អូនកម្មករនិយោជិតទាំងអស់ ក៏ត្រូវតែដឹង និងយល់ឲ្យច្បាស់ផងដែរ អំពីការទទួលបាន អត្ថប្រយោជន៍របបសន្តិសុខសង្គម ដែល ប.ស.ស. បានផ្តល់ជូន នៅពេលកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. ទាំងអស់មានបញ្ហាសុខភាព ឬជួបគ្រោះថ្នាក់ផ្សេងៗ។

ក្នុងឱកាសជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហាន់ នព្វគុណ ជាសមាជិកក្រុមការងារ ទ.ស.ប.ក ក៏បានលើកឡើង ពីវិធីសាស្រ្ដជួយសង្គ្រោះ ពេលមានករណីកម្មករនិយោជិតសន្លប់ វិធានការទប់ស្កាត់ ករណីសន្លប់ ក្នុងន័យចូលរួមបង្ការទប់ស្កាត់ករណីកម្មករនិយោជិតដួលសន្លប់ ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗផងដែរ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំអប់រំផ្សព្វផ្សាយខាងលើនេះ រៀបចំឡើងដោយក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក) នៃ ប.ស.ស. ដោយមានការអញ្ជើញចូលរួម ពីរដ្ឋបាល ក្រុមគ្រូពេទ្យ និងបងប្អូនកម្មករនិយោជិតនៃរោងចក្រ JD & TOYOSHIMA CO ., LTD សរុបប្រមាណជាង ៦០នាក់ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕

To Top