ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវគ្រប់គណបក្ស ឃោសនាបោះឆ្នោត គោរពតាមវិធានការ ប្រព្រឹត្តទៅ ដោយសន្តិវិធី អហិង្សា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់គណបក្ស នយោបាយ បេក្ខជន អ្នកគាំទ្រ នៃគណបក្សនយោបាយ ទាំងអស់ ត្រូវអនុវត្តតាមវិធានការ នានារបស់ គ.ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។

ដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ។

យោងតាមសេចក្ដីអំពាវនាវ របស់ គ.ជ.ប នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួន ដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឲ្យបោះឆ្នោត គាំទ្របេក្ខជន ឬគណបក្ស នយោបាយណាមួយ។

គ.ជ.ប បញ្ជាក់ថា «ដូច្នេះសូមអំពាវនាវ ដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ នៃគណបក្សនយោបាយទាំងអស់ ត្រូវតែគោរព តាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ .ជ.ប ដើម្បីឲ្យការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និង សុវត្ថិភាព» ។

គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួល ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្ស នយោបាយនីមួយៗ អាចអនុវត្តកម្មវិធីឃោសនា បោះ ឆ្នោត និងការហែក្បួន ឃោសនាបោះឆ្នោត របស់ខ្លួនប្រព្រឹត្ត ទៅដោយស្មើភាពគ្នា ។

គ.ជ.ប ក៏សង្ឃឹមថា បណ្តាគណបក្ស នយោបាយ អាជ្ញាធរ គ្រប់លំដាប់ ថ្នាក់ និងភាគីពាក់ព័ន្ធ នឹង ចូលរួមសហការ តាមការអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ដោយ គោរពច្បាប់ ជាធរមាន ដើម្បីឲ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាន នូវសិទ្ធិគណបក្ស នយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ៕

To Top