ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី បានថ្លែងថា សម្ដេច នឹង ចាត់វិធានការភ្លាមៗ បើមានមន្ដ្រីរូបណា ហ៊ានធ្វើផ្ដេសផ្ដាស ទៅលើប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់សិទ្ធិពលរដ្ឋ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា មន្ដ្រីក្រោមឱវាទរបស់ក្រសួងមហាផ្ទៃទាំងអស់ តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនបណ្ដែតបណ្ដោយ មិនកាន់ជើងអ្នកប្រព្រឹត្តបទល្មើស ដែលធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋឡើយ។
សម្ដេច មានប្រសាសន៍ថា «យើងខ្ញុំ ជាអ្នកទទួលខុសត្រូវ កាលណាមានមន្ដ្រីណាធ្វើផ្តេសផ្ដាសទៅលើប្រជាពលរដ្ឋ ប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ ឱ្យតែខ្ញុំបានដឹង រឿងហ្នឹងពិតប្រាកដ ខ្ញុំទទួលខុសត្រូវ ដើម្បីដោះស្រាយ ធ្វើគណនេយ្យភាពរកយុត្តិធម៌ជូនប្រជាពលរដ្ឋពិតប្រាកដ»។
នាឱកាសនោះ សម្ដេច ស ខេង លើកឡើងថា ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវបើកបេះដូង ដោយមិនចង្អៀតចង្អល់ មិនបែងចែកវណ្ណៈ មិនច្រណែនឈ្នានីស បើឃើញគេរីកចម្រើន ត្រូវអបអរសាទរ និងលើកទឹកចិត្តឱ្យគេធ្វើល្អបន្ថែមទៀត។
សម្ដេច បញ្ជាក់ថា «យើងអត់ចង្អៀតចង្អល់ ក្នុងឋានៈជាអ្នកដឹកនាំ ត្រូវបើកទ្រូងឱ្យចំហរ បានសេចក្ដីថា បើកបេះដូងចំហរ ដោយមិនចង្អៀតចង្អល់ មិនបែងចែក ហើយមិនច្រណែនឈ្នានីស បើឃើញគេរីកចម្រើន ឃើញគេធ្វើល្អ ត្រូវអបអរសាទរ សប្បាយចិត្ត និងលើកទឹកចិត្ត ឱ្យកាន់តែធ្វើល្អទៅមុខទៀត»។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរួមចំណែកដោះស្រាយនូវវិបត្តិនានាលើសកលលោក ព្រោះថា កម្ពុជា មានបទពិសោធន៍ និងមានឆន្ទៈនយោបាយខ្ពស់។
សម្ដេច បញ្ជាក់បន្ថែមថា «គណបក្សប្រជាជនកម្ពុជា បានដឹកនាំសេដ្ឋកិច្ច ទាំងវិស័យអប់រំ កសាងធនធានមនុស្ស ព្រមទាំងដឹកនាំខាងនយោបាយការបរទេស គឺយើងធ្វើ។ តាំងពីយើងឯកាហ៊ុមព័ទ្ធខាងនយោបាយ សេដ្ឋកិច្ចមក ឥឡូវនេះ កម្ពុជាដើរតួនាទី ដើម្បីរួមចំណែកដោះស្រាយវិបត្តិនានាលើសកលលោក ក៏ដូចក្នុងតំបន់ គឺយើងធ្វើបាន ដោយសារយើងឆ្លងកាត់បទពិសោធន៍ ហើយការប្ដេជ្ញាចិត្ត និងឆន្ទៈនយោបាយ ដើម្បីជាតិ និងប្រជាពលរដ្ឋ»៕