ព័ត៌មានជាតិ

រាជធានីភ្នំពេញ ចុះកិច្ចព្រមព្រៀងជាដៃគូ សហការជាមួយ សមាគម អភិបាល ក្រុងប្រើប្រាស់ភាសាបារាំង

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាដៃគូ សហការជាមួយសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើការងារផែនការ ត្រៀមបំរុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍ សមាគមនិយាយភាសាបារាំង(AIMF) នៅសាលារាជធានីភ្នំពេញ ។

គួរឲ្យដឹងថា ដំណើរទស្សនកិច្ច ការងារ របស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង(AIMF) ដឹកនាំដោយលោកព្យែរ ប៊ៃយ៉េនេះ ធ្វើឡើងគោលបំណង ចំនួន៣ ដែលមានដូចជា៖ ១-ការអនុម័តលើការងារ នៃគម្រោងកិច្ចសហការ រវាងសមាគម AIMF និង រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស ការចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំ បណ្តាញទីក្រុង អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការ យុទ្ធសាស្ត្រ របស់សមាគម AIMF ជាមួយសហភាព អឺរ៉ុប។ ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រ ដែលបានរៀបចំតាក់តែង និងអនុម័ត ដោយរដ្ឋបាល រាជធានី ភ្នំពេញ។

២-ការពិនិត្យគម្រោងជាក់ស្តែង ដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ,សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង ហិរញ្ញប្បទាន និង ៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា៖ ជំនួបជាមួយក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, សហភាពអឺរ៉ុប, ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានី ភ្នំពេញ និងខេត្តសៀមរាប, និង ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកឃួង ស្រេង បានលើកឡើងថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ សមាគម AIMF លើកទី៤០ នៅភ្នំពេញ ។ នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ ក្នុងការអភិវឌ្ឍទីក្រុងដែលជាសមាជិក សមាគម AIMF និងទទួលបានការអបអរសាទរ យ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញ ជាទីក្រុងដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ បានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយជាសមាជិក ការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោត ជ្រើសតាំងជាសមាធិ ការិយាល័យអចិន្ត្រៃយ៍ របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់ នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅ ការិយាល័យអចិន្ត្រៃយ៍នេះ៕

To Top