ព័ត៌មានជាតិ

កូនអណ្តើកហ្លួង ចំនួន ៣០ក្បាល បានញាស់នៅក្នុងមជ្ឈមណ្ឌល អភិរក្សសត្វល្មូន កោះកុង

ភ្នំពេញ ៖ កូនអណ្ដើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុក នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មួនកោះកុង កាលពីសប្តាហ៍កន្លងទៅ នេះគឺជាលើកទីពីរ ហើយ ដែលអណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WCS នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងរដូវពងកូនឆ្នាំ ២០២២នេះ ក្រុមអណ្ដើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វស្ងួន កោះកុង ពងបានចំនួន ៩សម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០កូន បើប្រៀបធៀបទៅនឹងរដូវពងកូន ឆ្នាំ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពង ៥សម្បុកដែលមាន ៧១ពង។

ស្របពេលជាមួយគ្នាដែរ មេអណ្ដើកចិញ្ចឹមចំនួនពីរក្បាលនៅឯមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វកម្រទីពីរនិងជាដៃគូរបស់អង្គការ wcs ពងបាន២សម្បុក (ស្មើ ១៦ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើយកូនអណ្ដើកនោះបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិ រក្សសត្វស្មូនកោះកុង។ ដូច្នេះកូនអណ្ដើកហ្លួងញាស់បានក្នុងរដូវពងកូនឆ្នាំនេះសរុបមានចំនួន ៣១ក្បាល។

ផ្ទាំងពាណិជ្ជកម្ម

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ wcs បានថ្លែងថា «ស្របពេលដែលការបង្ក កំណើតនៅក្នុងធម្មជាតិកំពុងមានការថយចុះ យើងទទួលបានជោគជ័យលើកម្មវិធីបង្កាត់ពូជរបស់យើង ដែលជា ការធានាដល់ការរស់រានយូរអង្វែងរបស់ប្រភេទអណ្ដើកហ្លួង។ នៅរដូវពងកូនឆ្នាំនេះ ក្រុមការងារមិនបានរក ឃើញសម្បុកអណ្ដើកហ្លួងនៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិលក្នុងតំបន់គ្រប់គ្រងជលផលស្ថិតក្នុងខេត្ត កោះកុង និងព្រះសីហនុទេ»។

លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិងថលជលិក នៃអង្គការ wcs ប្រចាំតំបន់អាស៊ីអា គ្នេយ៍ បានថ្លែងថា «នេះគឺជាជោគជ័យមួយក្នុងការងារអភិរក្សអណ្ដើកហ្លួងនៅកម្ពុជា។ កូនអណ្តើកហ្លួងដែល បានញាស់ដោយជោគជ័យយ៉ាងច្រើននេះ បង្ហាញអំពីក្ដីសង្ឃឹមចំពោះការរស់រានរបស់អណ្ដើកហ្លួងរយៈពេលវែង នាពេលអនាគត»។

សូមបញ្ជាក់ថា បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសព្វល្មូនកោះកុង មានអណ្ដើកហ្លួងចំនួន ១៨៦ក្បាល។ អណ្ដើកហ្លួងជំទង់ចំនួន ១៤៧ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ២០១៥ មក បូករួមទាំងអណ្ដើកហ្លួង ១៥ក្បាល ដែឡបានលែងកាលពីចុងឆ្នាំ២០២១៕

To Top