ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ ស្ថានីយ៍ប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗ ៣យ៉ាង ទាំងសុខភាព និងសេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកការដ្ឋាន សាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ ដំបូងគេនៅទីក្រុងភ្នំពេញ ដែលជាសមទ្ធផលថ្មីមួយ ក្នុងការទទួលជាជំនួយ ជំហានដំបូង ពីAIMF ខណៈស្ថាននីយ៍មួយនេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ ៣យ៉ាងទាំងបរិស្ថាន សង្គម និងសេដ្ឋកិច្ច ។

ក្នុងពិធីប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រង សំណល់ភក់បង្គន់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានលើកឡើងថា “នេះជាកិច្ចការងារមួយ និងជាជំហ៊ានដំបូង ដែលយើងទទួលបានជំនួយ ពីសមាគមទីក្រុងប្រើប្រាស់ភាសាបារាំង ហើយយើងនឹងបន្តកិច្ចការងារនេះ ទៅតាមកិច្ចការងាររបស់យើង ទៅតាមសន្ទុះ នៃសេដ្ឋកិច្ច នៃការរីកចម្រើន នៃប្រទេសជាតិរបស់យើង ហើយទីក្រុងភ្នំពេញ នឹងមើលកិច្ចការងារនេះ បន្ថែមទៀត ដើម្បីសុខមាភាព របស់ប្រជាជនយើង” ។

លោកអះអាងថា “សមទ្ធផលថ្មីនេះ នឹងក្លាយជាចលករ ជម្រុញបន្ថែមនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយភាពជាដៃគូរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ” ។

លោក ឃួង ស្រេង ឲ្យដឹងបន្ថែមថា យោងទៅតាមការសិក្សាក្នុងឆ្នាំ២០០១ សំណល់ភក់បន្គន់ របស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ មានតែ២៦០០០ម៉ែត្រគុប ក្នុង១ឆ្នាំ នឹងបានកើនឡើងជាលំដាប់ ដោយតាមការប៉ានស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងដល់ទៅ៣៣ពាន់ម៉ែត្រគុបក្នុងឆ្នាំ ពោលគឺកើនឡើង១៣ដង ដូច្នេះទាមទារឲ្យយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេស រៀបចំអាងប្រព្រឹត្តកម្មសំណល់នេះឲ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេសដែលទាំងនេះហើយ ជាកម្ពុជាពិត ដោយក្នុងអតីតកាលគ្មានឡើយ នូវតម្រូវការស្ថានីយ៍ប្រព្រឹត្តកម្មប្រភេទនេះ ។

លោកបញ្ជាក់ថា “សម្រាប់ការស្ថាបនាស្ថានីយ៍ប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ វាជាធាតុចាំបាច់ នឹងមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រា កំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគររូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព តម្រូវការរស់នៅកាន់តែស៊ីវិល័យ របស់បងប្អូន ប្រជាពលរដ្ឋ ។ក្នុងនោះគម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ យ៉ាងសំខាន់ចំនួន៣រួមមាន៖ ទី១ អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រង សំណល់ភក់បង្គន់បានត្រឹមត្រូវ , ទី២ អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើនការងារ កែច្នៃសំណល់ភក់បង្គន់ ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និងទី៣ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបាន នៅក្នុងទីផ្សារកសិកម្ម នឹងអាចនិយាយបានថា យកសំណល់គ្រប់គ្រងសំណល់” ។

គួរបញ្ជាក់ថា ពិធីប្រកាសបើកការដ្ឋាន សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ត្រូវបានធ្វើឡើង ដោយមានការចូលរួមជាសាក្ខីភាព ពីសំណាក់ លោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) និងមន្ត្រីពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ ។ ស្ថានីយ៍មួយនេះសាងសង់ លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាប៉ែកខាងត្បូងឈៀងខាងលិច ។ ស្ថានីយ៍មួយនេះជាការរួមចំណែកកាត់បន្ថយជាតិពុល ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខមាលភាព របស់ប្រជាពលរដ្ឋ ក្នុងទីក្រុង មុននឹងបង្ហូរចូលទៅបឹងទន្លេធម្មជាតិ៕

To Top