ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃថា យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដ អនុវត្តដោយប្រទេសចិន គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព

ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនវិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដរបស់ប្រទេសចិន គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយប្រកប ដោយប្រសិទ្ធភាព របស់ថ្នាក់ដឹកនាំចិន ។ ឯកឧត្តមពន្យល់ថា ប្រជាជនចិនមានចំនួនដ៏ច្រើន ដូច្នេះ នៅពេលមានកន្លែងណា កើតមានករណីកូវីដ គឺត្រូវតែចាត់វិធានការភ្លាមៗ មិនអាចឲ្យរាលដាល កាន់តែខ្លាំងទេ ដោយឯកឧត្តម វាយតម្លៃបានថា គោលការណ៍នេះ បានឆ្លើយតបទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ។

លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដ របស់ប្រទេសចិន គឺមិនត្រឹមតែជួយការពារ សុខាមាលភាព របស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាចង្វាក់ នៃផលិតកម្មសម្រាប់តម្រូវការ របស់ប្រជាជាតិដទៃទៀតលើពិភពលោក ពីព្រោះថា បើទោះបីជាក្នុងពេល ដែលប្រជាជនចិនប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ចិនក៏នៅតែរក្សា បាននូវចង្វាក់នៃការផលិតកម្ម បញ្ចេញទំនិញទៅខាងក្រៅនៅដដែល រួមមានទាំង វ៉ាក់សាំង និងសម្ភារវេជ្ជសាស្ត្រចាំបាច់ផ្សេងៗផងដែរ ។

ជារួម លោក ផៃ ស៊ីផាន យល់ឃើញថា យុទ្ធសាស្ត្រ ស្តីពីសូន្យកូវីដ អនុវត្តដោយប្រទេសចិននេះ គឺជាការគិតគូ ដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំប្រទេសចិន សម្រាប់សេចក្តីសុខសាន្តរបស់ពិភពលោក គឺជាវិធានការគួរឲ្យគោរព និងមោទនភាព៕ (វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top