ភ្នំពញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងជំងឺអុតស្វា (Monkeypox) បន្ទាប់ពីប្រទេសថៃ ប្រកាសរកឃើញអ្នកជំងឺ អុតស្វាមួយករណី លើអ្នកដំណើរបរទេស។
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-31_12-38-55.jpg)
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រោយពីការផ្ទុះចេញជំងឺ អុតស្វាក្នុងពេលថ្មីៗនេះ បណ្ដាប្រទេសចំនួន ២៣ នៅលើសាកលលោក ដែលមិនមែនជាប្រទេស អង់ដេមី នៃជំងឺនេះ បានរាយការណ៍ ជូនទៅអង្គការសុខភាពពិភពលោក (WOH) អំពីករណីជំងឺអុតស្វា មានចំនួនសរុបករណីឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ឧសភា និងមិនទាន់មានករណីស្លាប់នៅឡើយ ។
លោកបន្ដថា បច្ចុប្បន្ន ក្រៅពីករណីចំនួន២នាក់ ដែលបានរាយការណ៍ពីបណ្ដាប្រទេស នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក៏មានការរកឃើញករណីឆ្លងជំងឺនេះ លើអ្នកដំណើរម្នាក់ទៀត ដែលបានមកដល់ប្រទេសអូស្ដ្រាលី ។ បើយោងតាមសារព័ត៌មានឌឺសាន់ដេលី (The Sundaily) ចេញផ្សាយនៅថ្ងៃទី៣០ ឧសភា ដោយបុគ្គលនោះបានហោះហើរឆ្លងកាត់ តាមព្រលានយន្ដនៃប្រទេសថៃ។
លោករដ្ឋមន្ដ្រី បញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការ ការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើន រំលឹកជូនដល់ប្រជាជនទូទៅ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការ បង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ»៕
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-31_12-38-58-1-725x1024.jpg)
![](https://dap-news.com/wp-content/uploads/2022/05/photo_2022-05-31_12-39-01-1-725x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)