ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ផ្តាំឲ្យអាជ្ញាធរមើលដាច់ខាត ហាមឡានដឹកថ្ម-ដី លើសទម្ងន់បរកាត់ផ្លូវ (Video)

ភ្នំពេញ ៖ បន្ទាប់ពីប្រកាសឲ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវ១០៨០ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់ហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ ក៏ដូចជាឲ្យអាជ្ញាធរ ត្រូវមានចំណាត់ ការឲ្យបានម៉ឹងម៉ាត់ ជុំវិញការត្រួតពិនិត្យ ទៅលើរថយន្តធំៗ សម្រាប់ការដឹកជញ្ជូនដី ថ្ម ជាដើម មិនត្រូវឲ្យលើសទម្ងន់បរ កាត់ជាដាច់ខាត ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវលេខ១០៨០ ចាប់ពីមហាវិថីឈ្នះ ឈ្នះ ដល់ផ្លូវលេខ៤២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ លោក ឃួង ស្រេង បានរំលឹកប្រជាពលរដ្ឋ ពីវីរៈភាពដ៏អង់អាច របស់សម្តេចតេជោ ក្នុងការជួយសង្គ្រោះប្រទេសជាតិ ប្រជាជាតិខ្មែរ ឲ្យរួចផុតពីរបបខ្មៅងងឹត ប៉ុលពត និងបន្តអភិវឌ្ឍន៍ លើគ្រប់វិស័យចាប់តាំងពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “សម្តេចតេជោដឹកនាំប្រទេស ក្រៅពីការពារអាយុជីវិតបងប្អូន ឲ្យរួចផុតពីការកាប់សម្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពតហើយ ក៏ត្រូវបានថែទាំថែរក្សា បងប្អូនជាបន្តបន្ទាប់ ។ ថែទាំតាមរយៈការមិនឲ្យរបបប៉ុលពត វិលត្រឡប់មកវិញ ហើយដៃម្ខាងទៀត កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជារកស្បៀង អាហារចំអែតក្រពះ នៅពេលនោះ នេះជាចំណុចទី១ ដែលយើងចាប់ផ្តើម តាំងពីឆ្នាំ១៩៧៩មក” ។

ក្រោមការដឹកនាំរបស់ម្តេចតេជោ របស់គណបក្សប្រជាជនកម្ពុជា ទើបមានការស្ថាបនាផ្លូវដ៏ប្រណិតឡើងជាបន្តបន្ទាប់ ជាស្តែងផ្លូវ១០៨០នេះ ត្រូវបានសម្តេចតេជោ ផ្តល់ជូនពលរដ្ឋ ដើម្បីស្រួលធ្វើដំណើរ និងមានភាពរហ័ស ក្នុងការចេញដំណើរ ទៅកាន់តំបន់ផ្សេងៗ ដោយហេតុនេះ លោកអភិបាលរាជធានី បានផ្តាំផ្ញើឲ្យអាជ្ញាធរទាំងអស់ ត្រូវតែថែរក្សាសមទ្ធផលថ្មីៗ ទាំងអស់នេះឲ្យបានល្អ តាមរយៈពិនិត្យមើល និងហាមដាច់ខាត កុំឲ្យមានការប្រើប្រាស់ការដឹកជញ្ជូនលើសទម្ងន់បរកាត់ នាំឲ្យឆាប់ខូចផ្លូវ និងធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នេះ ជួបផលវិបាកជាថ្មី ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “សូមផ្តាំទៅអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជុំវិញបញ្ហាឡានដឹកដី កាលមុននេះ ផ្លូវយើងមាន៧ម៉ែត្រ ក៏បេតុងឆ្អឹងដែកដែរ ប៉ុន្តែនីវ៉ូទាបទឹកលិច ហើយឡានដឹកដីសម្បើមណាស់ មាន២៥តោន មាន៤០តោន ប៉ុន្តែឥឡូវនេះ សូមឲ្យពិនិត្យពីបញ្ហាទាំងនេះ ឃាត់គាត់កុំឲ្យដឹក ព្រោះពិបាករកលុយណាស់ ក្នុងបរិបទកូវីដ១៩ផង ពិបាករកលុយធ្វើណាស់ ។ ជាពិសេសខណ្ឌកំបូល ទប់ឲ្យជាប់ ឡានដឹកថ្ម ។ បងប្អូនមើលទៅ អូសឡាននឹងមិនចង់រួចទេ វាធ្ងន់ណាស់ ហើយផ្លូវណាទប់ជាប់? ចេះតែឲ្យមក ហើយជញ្ជីងក៏ចេះតែឲ្យមកដែរ ចេះតែមករួច ។ ចឹងកិច្ចការងារនេះ សូមឲ្យអាជ្ញាធរឃាត់ទៅរំលែកឡាន កំបូលធ្វើកិច្ចការងារ ពោធិ៍សែនជ័យសូមជួយមើលគ្នា ។ ឡានដឹកដី៧៥តោន ឡានដឹកថ្ម៧៥តោន មកតាមផ្លូវហ្នឹង ។ អូសឡានមិនចង់រួចទេ ចង់យឺតជាងអណ្តើក ហើយផ្លូវណាទប់ជាប់”

លោកអភិបាល រាជធានីភ្នំពេញ ក៏បានមើលឃើញ នូវការចំណាយខ្ពស់លើការដឹកជញ្ជូន របស់បងប្អូនដែលប្រកបរបរនេះដែរ ប៉ុន្តែលោកក៏មិនអាច បណ្តែតបណ្តោយ ឲ្យមានការបំផ្លិចបំផ្លាញផ្លូវ ដែលនាំឲ្យប៉ះពាល់សេដ្ឋកិច្ច ជារួមដល់ប្រជាពលរដ្ឋ រស់នៅតំបន់នេះបាននោះដែរ ។

លោកថា “ចឹងចំណុចនេះ សូមឲ្យធ្វើកិច្ចការងារ ឲ្យបានល្អ ឃាត់គាត់ឲ្យគាត់ដាក់បីឡានអីមក ។ យើងមើលឃើញហើយ ពីបញ្ហាសេដ្ឋកិច្ចសម្រាប់គាត់ ប៉ុន្តែគាត់មិនគួរបានបំផ្លាញ សេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋ របស់យើងនោះទេ ។ ឡានបី គាត់ត្រូវប្រើប្រេង៣ដង យ៉ាងហោចណាស់ក៏ពីរដងជាងដែរ ហើយប្រើតៃកុងដល់៣ ហើយដឹកឡានធំហ្នឹងមួយ គាត់ប្រើតៃកុងតែមួយ គាត់ចំណេញតៃកុងពីរទៀត ប៉ុន្តែខូច ខូចផ្លូវយើង “

លោកក៏បានណែនាំ ឲ្យពិនិត្យមើលទម្ងន់ និងកម្រិតដែលអាចឲ្យផ្លូវអាចទ្រទ្រង់បាន និងត្រូវប្រើប្រាស់ល្បឿនឲ្យសាកសមនឹងទីប្រជុំជន ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ចរាចរ ធ្វើយ៉ាងណាឲ្យផ្លូវនេះ ប្រើប្រាស់បានយូរ ។

គួរបញ្ជាក់ថា ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ សម្តេចតេជោបានសម្រេចផ្តល់កំណាត់ផ្លូវ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះ ទៅផ្លូវលេខ៤២ទៀត មានប្រវែង១៥០០ម៉ែត្រ ទទឹង១២ម៉ែត្រ ហើយបានប្រកាស បើកការដ្ឋាននាព្រឹកថ្ងៃទី១ មិថុនានេះតែម្តង។ បើតាមរបាយការណ៍របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់ផ្លូវលេខ១០៨០នេះ មានប្រវែង៦៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ចាក់មេតុងកំរាស់ ២០សង់ទីម៉ែត្រ ដាក់លូ១ម៉ែត្រសងខាង និងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ ដោយបានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ចាប់ផ្តើមការដ្ឋានសាងសង់ កាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី១កុម្ភៈ ឆ្នាំ២០២២ ៕

To Top