ព័ត៌មានជាតិ

កម្ពុជា បញ្ជាទិញថ្នាំវ៉ាក់សាំងផលិតក្នុងស្រុក ជាង ១០៤លានដូស សម្រាប់ប្រើប្រាស់រយៈពេល ៣ឆ្នាំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីការសម្រេចរបស់រាជរដ្ឋាភិបាល នៅថ្ងៃនេះ ចុះហត្ថលេខាបញ្ជាទិញថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលផលិតក្នុងស្រុក ដោយសហគ្រាសផលិតឱសថកម្ពុជា និងក្រុមហ៊ុនចិន Sinovac ចំនួន ១០៤ ៨៧៣ ១៥៧ដូស សម្រាប់តម្រូវការប្រើប្រាស់ ៣ឆ្នាំ គឺនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

ក្នុងសារជាសំឡេងពិសេសជូនជនរួមជាតិ នៅព្រលប់ថ្ងៃទី១ ខែមិថុនា នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងបានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំង ដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេសយើង ចំនួន១០​ ៤៨៧​ ៣១៥៧ដូសបន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទោះជាកម្ពុជាយើង មិនមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ យូរថ្ងៃមកហើយក៏ដោយ តែកូវីដ មិនទាន់ទៅណាឆ្ងាយទេ។ ជម្រើសតែមួយ គឺសូមទៅទទួលថ្នាំវ៉ាក់សាំង ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជា នៅសល់ថ្នាំវ៉ាក់សាំងក្នុងឃ្លាំង ប្រមាណ ៩លានដូស ដែលជាការបញ្ជាទិញ និងថ្នាំជំនួយ។ ក្នុងនោះ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះ កម្ពុជា ក៏នៅសល់ថ្នាំវ៉ាក់សាំង ដែលមិនទាន់ដឹកមក ជាង ២០លានដូសទៀត រួមមាន ពីចិន ១៥លានដូស ពីអាមេរិកជាង ៥លាន ៥សែនដូស និងពីអូស្ត្រាលី សម្រាប់ចាក់កូនក្មេង ចំនួន ៥០ម៉ឺនដូស។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ អាយុចាប់ពី ៣ឆ្នាំឡើង ទៅទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលកម្ពុជាយើង មិនខ្វះថ្នាំវ៉ាក់សាំងឡើយ។ ក្នុងនោះ ការចាក់ដូសជំរុញ ក៏មិនដឹងថា ត្រូវចាក់ប៉ុន្មានដូសនោះទេ ដោយសារតែកូវីដ មិនទាន់ចប់ ហើយនៅថ្ងៃទី៩មិថុនាខាងមុខ កម្ពុជាចាប់ផ្តើមចាក់ដូសទី៥ ដល់ក្រុមជួរមុខ៕

To Top