ព័ត៌មានជាតិ

អាល្លឺម៉ង់ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការ ៣០លានអឺរ៉ូ សម្រាប់ផ្គត់ផ្គង់អគ្គិសនីជនបទ នៅកម្ពុជា (Video)

ភ្នំពេញ ៖ លោក Chrlstian Bergr ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល ដើម្បីផ្គត់ផ្គង់អគ្គិសនីជនបទ នៅប្រទេសកម្ពុជា។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សារវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ ជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែល រដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទាន សម្បទានមួយថ្មីទៀត ចំនួន៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II (Energy Efficienty in Rural Power Supply II Project)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយ បន្ទាប់ពីសិក្សាលម្អិត ត្រូវបានធ្វើរួចរាល់។

ការបន្តគាំទ្រផ្ដល់ឥណទានសម្បទានបន្ថែម សម្រាប់គម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់ អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែម ទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការ ល្អប្រសើរជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឲ្យបានទូលំទូលាយ នូវប្រសិទ្ធិភាពថាមពល និងការផ្គត់ផ្គង់ថាមពល នៅតាមទីជនបទនៅក្នុងប្រទេស។

ជារួម ក្នុងរយៈពេលប្រមាណ៣០ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យា ផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេស ជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលសាធារណ សហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ ៧២០លានដុល្លារអាមេរិក (ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ ៧០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៦៥០លានដុល្លារអាមេរិក)៕

To Top