ព័ត៌មានជាតិ

ឃាត់ខ្លួនសង្ឃក្លែងក្លាយម្នាក់ និងដកហូតបានគ្រឿងញៀន ១កញ្ចប់ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបានបន្លំខ្លួនធ្វើជាសង្ឃ ព្រមទាំងបានពាក់ស្បង់ចីវរក្លែង ដើរបិណ្ឌបាតដើម្បីស្វែងរកបច្ច័យពីអ្នកភូមិ និងដកហូតបានគ្រឿងញៀន ចំនួន ១ កញ្ចប់ ប្រព្រឹត្តនៅភូមិហៃសាន ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបន្លំខ្លួនធ្វើជាសង្ឃរូបនេះ មានឈ្មោះ លឹម ចាន់វិបុល អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត ។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា នៅមុនចាប់ឃាត់ខ្លួនគាត់ ជនសង្ស័យបានពាក់ស្បង់ចីវរក្លែង ធ្វើជាសង្ឃនិងបានដើរបិណ្ឌបាត ដើម្បីស្វែងរកបច្ច័យពីអ្នកភូមិ នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចនគរបាលបានបន្តថា ក៏ប៉ុន្តែចម្លែក គឺនៅពេលដែលអ្នកភូមិ ប្រគេចចង្វាន់ជូនគាត់ គឺគាត់បានបដិសេធ មិនទទួលយកចង្ហាន់នោះទេ ដោយសុំអោយអ្នកភូមិប្រគេនជាលុយវិញ។

អ្នកភូមិកើតមានមន្ទិលសង្ស័យ ក៏បានរាយការណ៍ មកកាន់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ រហូតឈានដល់ការឃាត់គាត់ ដើម្បីសាកសួរ និងដកហូតបានថ្នាំញៀន ចំនួន១កញ្ចប់ ពីគាត់ជាក់ស្តែងតែម្តងនៅពេលនោះ។

ឥឡូវនេះ ជនសង្ស័យរូបនេះ ត្រូវបានបញ្ចូនទៅកាន់ស្នងការ​ នគរបាលខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ លីហ្សា

To Top