ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាបន្ដដំណើរការលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សឥតងាករេ ទាំងក្នុងដំណើរការបោះឆ្នោតឆ្នាំនេះ និងឆ្នាំបន្ទាប់

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រាប់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ថា កម្ពុជា បេ្ដជ្ញាបន្តដំណើរលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សឥតងាករេ ទាំងក្នុងដំណើរការបោះឆ្នោតឆ្នាំនេះ និងឆ្នាំបន្ទាប់ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី៣ មិថុនា បានប្រកាសច្រានចោលទាំងស្រុងនូវការអត្ថាធិប្បាយដែលមិនត្រឹមត្រូវ ធ្វើនយោបាយូបនីយកម្ម ជ្រើសរើសតែមួយជ្រុង កាលពីថ្ងៃទី២ មិថុនា របស់អ្នកនាំពាក្យរបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Liz Throssell នៅមុនការបោះឆ្នោតឃុំ-សង្កាត់ នៅកម្ពុជា។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបន្ដថា ការអធិប្បាយរបស់លោកស្រី បានគាំទ្រគណបក្សមួយថា ជាគណបក្សប្រឆាំងដ៏សំខាន់នាពេលបច្ចុប្បន្ននៅកម្ពុជា ដោយមើលស្រាលគណបក្សដទៃផ្សេងទៀត។ ជាងនេះទៅទៀត អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោត ដោយសារការបំពានច្បាប់ ពុំបានធ្វើឲ្យកម្ពុជាងាកចេញពីប្រព័ន្ធពហុបក្សឡើយ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា «កម្ពុជាបន្តបេ្ដជ្ញាយ៉ាងមុតមាំ ក្នុងការបន្តដំណើរលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សដែលឥតងាករេរបស់ខ្លួន ទាំងក្នុងដំណើរការបោះឆ្នោតនៅឆ្នាំនេះ និងឆ្នាំបន្ទាប់ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ សន្តិវិធី និងតម្លាភាព»៕

To Top