ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជាធ្លាប់តែល្បី ខាងធ្វើសង្គ្រាម ក្លាយជាប្រទេសប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញមោទកភាព ចំពោះការប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមួយល្បីល្បាញ អំពីការធ្វើសង្គ្រាម ការកាប់ សម្លាប់ប្រល័យពូជសាសន៍ មកជាប្រទេសប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។

ការលើកឡើងបែបនេះ ក្នុងឱកាសសម្តេចតេជោ បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។

អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមសង្កេត ពីដំណើរការបោះឆ្នោត នៅកម្ពុជា មាន ដូចជាអង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម។ ប្រតិភូអ្នកសង្កេតការណ៍ អន្តរជាតិនេះ ពួកគេនឹងអញ្ជើញចុះទៅតាមមណ្ឌលបោះឆ្នោតនានា ដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ ពីដំណើរការ បោះឆ្នោតនៅកម្ពុជា។

ក្នុងជំនួបនេះលោក Andres Pastrana និងប្រតិភូទាំង ១១ក្រុម រួមទាំងប្រតិភូខ្មែរ សញ្ជាតិបរទេស មកពីប្រទេស អូស្ត្រាលី និងកូរ៉េ បានគោរពសម្ដែងនូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញប្រតិភូទាំងអស់ មកសង្កេតការណ៍បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលនេះ និងបានគោរពជូនពរ ឲ្យដំណើរការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានល្អនិង សុវត្ថិភាពនិងគ្មានអំពើហិង្សា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូសង្កេតការណ៍ទាំងអស់ ដោយបានជម្រាបជូនប្រតិភូទាំងមូល អំពីប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចថា ពេលសម្ដេចចូលមកភ្នំពេញដំបូង បានជួបប្រជាជនតែ ៧០នាក់ប៉ុណ្ណោះ នៅរាជធានីភ្នំពេញពេលនោះ ជាវាលរហោស្ថាន មិនដូចភ្នំពេញនាពេលនេះទេ ដែលមានការកកស្ទះចរាចរណ៍ផង និងអាគារខ្ពស់ផង។ អង្គការសហប្រជាជាតិធ្លាប់បានបញ្ជូនកងទ័ពមកខៀវមកកម្ពុជា តែពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅប្រតិបត្តិការនៅប្រទេសដទៃ។
ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចាប់ផ្ដើមតាំងពីឆ្នាំ២០០២ ដែលនេះជាការបោះឆ្នោតសកល ហើយការបោះឆ្នោតនេះ គឺជាការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីបោះឆ្នោតអសកល ជ្រើសរើសក្រុមប្រឹក្សា ស្រុក ខេត្ត ព្រឹទ្ធសភា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ប្រតិភូសង្កេតការណ៍ទាំងអស់ ដែលបានមកធ្វើការសង្កេតការណ៍ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយសង្កេតមើលដំណើរការ លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយ ដែលធ្លាប់តែល្បីល្បាញ អំពីការធ្វើសង្គ្រាម ការកាប់សម្លាប់ប្រល័យពូជសាសន៍ ប្រែក្លាយជាប្រទេសប្រជាធិបតេយ្យ តាមរយៈការ បោះឆ្នោត ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូអំពីភាពជោគជ័យ នៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះ កម្ពុជា មិនមានការឆ្លងរយៈពេលជាង ២០ថ្ងៃហើយ។

លើសពីនោះទៀត ការដំណើរការឃោសនា ១៤ថ្ងៃកន្លងមកនេះ គឺមានភាពរលូនល្អ គ្មានអំពើហិង្សា ទាំងពាក្យសម្ដី ទាំងកាយវិការ ៕

To Top