ព័ត៌មានជាតិ

សម្តេចតេជោ ចាត់ទុកការចូលរួមសង្កេតការណ៍ ការបោះឆ្នោត របស់UPF ជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា 

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកការចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ អង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) គឺជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក យុន យ៉ុង ហូ (Yun Young Ho) អគ្គនាយកអង្គការសហព័ន្ធសន្តិភាពពិភពលោក (UPF) ក្នុងឱកាសដែលលោកអគ្គនាយកអញ្ជើញមកប្រទេសកម្ពុជា នាពេលនេះ ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ស្អែកនេះ។ 

ក្នុងជំនួបនេះ លោក Yun Young Ho អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) មានប្រសាសន៍ថា តាមរយៈប្រវត្តិរូបរបស់សម្តេចតេជោ ដែលបានផ្សព្វផ្សាយ នៅក្នុងពេលនៃការទទួលពានរង្វាន់ស៊ុនហាក់ ក្នុងប្រទេសកូរ៉េ កាលពីពេលកន្លងទៅ បានធ្វើឲ្យមានការចាប់អារម្មណ៍ និងស្ញប់ស្ញែងយ៉ាងខ្លាំង នៅទូទាំងពីភពលោក ពោលគឺសម្តេចតេជោបានឆ្លងកាត់ និងជំនះនូវរាល់បញ្ហាយ៉ាងច្រើន ដើម្បីរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្រ្គាមផ្ទៃក្នុង នាំមកជូនប្រជាជនកម្ពុជា នូវសុខសន្តិភាព ប្រទេសមួយមានជាតិសាសន៍តែមួយ វប្បធម៌តែមួយ មិនតែប៉ុណ្ណោះនាំជូនប្រជាជនកម្ពុជា នូវស្ថេរភាព និងការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ពិសេសការជំនះបាននូវរាល់ឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត។ 

ក្នុងន័យនេះ លោកមានប្រសាសន៍ថា រូបលោកពិតជាមានកិត្តិយសយ៉ាងក្រៃលែង ដែលត្រូវបានអញ្ជើញមកចូលរួម ជាអ្នកសង្កេតការណ៍ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ។ 

លោកបានសុំនូវទស្សនៈ របស់សម្តេចតេជោ ធ្វើយ៉ាងណាឲ្យសម្ព័ន្ធសន្តិភាពសកល ដើរតួនាទីកាន់តែសំខាន់ ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក។

ជាការឆ្លើយតប សម្តេចតេជោមានប្រសាសន៍ ថ្លែងអំណរគុណជូនចំពោះលោក ដែលបានទទួលការអញ្ជើញមកចូលរួមសង្កេតការណ៍ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅកម្ពុជា ដែលជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ 

ចំពោះករណីសម្ព័ន្ធសន្តិភាពសកល សម្តេចតេជោមានប្រសាសន៍ថា គម្បីណាមានការជួបជុំគ្នា រវាងឥស្សរជនជាន់ខ្ពស់ និងអ្នកវាយតម្លៃធ្វើការសម្របសម្រួល ធ្វើការជាមួយអង្គការផ្សេងៗ លើបញ្ហាសន្តិភាព មិនសម្រាប់តែអាស៊ីប៉ាស៊ីហ្វីកទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាពិសេសចូលរួមចំណែកក្នុងកិច្ចការពិភពលោក ក្នុងពេលបច្ចុប្បន្ន ៕

To Top