ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ បង្ហោះសារបង្កប់ទៅដោយអត្ថន័យ មុនថ្ងៃបើកការដ្ឋានសាងសង់ សមិទ្ធផល នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម

ភ្នំពេញ៖ មុនមួយថ្ងៃនៃពិធីបើកការដ្ឋានសាងសង់ សមិទ្ធផល នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះមុជទឹកសមុទ្រកំសាន្ត ក្នុងន័យដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព ជាបងប្អូនឲ្យកាន់តែជិតស្និទ្ធ ថែមទៀត។

នៅលើគេហទំព័រហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា “នៅរសៀលថ្ងៃនេះ ក្នុងឱកាសមកបំពេញការងារនៅខេត្តព្រះសីហនុ ខ្ញុំ និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងនាយទាហានថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចុះមុជទឹកសមុទ្រកំសាន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព ជាបងប្អូនឲ្យកាន់តែជិតស្និទ្ធថែមទៀត” ។

សូមរំលឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ រោងជាង ជួសជុលនាវា សំចត និងស្ដារឃ្លាំង នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ ។

យោងតាមកម្មវិធី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍ ត្រៀមរៀបចំការងារសាងសង់ រោងជាងជួសជុលនាវាផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋាន សមុទ្ររាម ដោយលោក នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋាន សម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ និង ជា ប្រធានគណៈកម្មការ។

តាមកម្មវិធីគ្រោងទុក លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋប្រជាមានិត ចិន ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងថ្លែងសុន្ទរកថផងដែរ បន្ទាប់មកមានពិធីប្រគល់អំណោយ ជូនសិស្សានុសិស្ស និងអង្គការ មហាជន។

ប្រភពដដែលបន្តថា “ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោក វ៉ាង វិនធាន អញ្ជើញចុចប៉ូតុង បើកការដ្ឋានសាងសង់”។

លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក៏ថ្លែងសុន្ទរកថា ស្វាគមន៍កម្មវិធីផងដែរ។កម្មវិធីអាច មានការប្រែប្រួលក្នុងករណី ចាំបាច់៕

To Top