នយោបាយ

គ ប ម បបួលគណបក្សទាំងអស់ មកចែករំលែកបទពិសោធន៍ ពេលជួបប្រទះ ក្នុងថ្ងៃបោះឆ្នោត តស៊ូមតិទៅ គ.ជ.ប និងរាជរដ្ឋាភិបាល

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ដែលទទួលបានអាសនៈសមល្មមហើយ បានតំណែងជាក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥ បង្ហាញចំណាប់អារម្មណ៍ បបួលគណបក្សនយោបាយទាំងអស់ ក្រៅពីគណបក្សប្រជាជនកម្ពុជា ជួបប្រជុំគ្នាចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះបញ្ហា ក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងនូវបញ្ហារួម និងរកដំណោះស្រាយ ។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់គ ប ម នាថ្ងៃ៨ មិថុនា។

បើតាមគ ប ម ដដែល គំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍មួយទៀត នៃការតស៊ូមតិរួមគ្នា ជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងរាជរដ្ឋាភិបា។

សេចក្តីថ្លែងការណ៍របស់នេះ គូសបញ្ជាក់ថា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអញ្ជើញគណបក្សនយោបាយទាំងអស់ ដែលមានចំណាប់អារម្មណ៍ មកជួបជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីចែករំលែក និងបូកសរុបនូវបទពិសោធន៍ ដែលជួបប្រទះនៅក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ដើម្បីស្វែងនូវបញ្ហារួម និងរកដំណោះស្រាយ។ គំនិតផ្តួចផ្តើមនេះ វាជាឧទាហរណ៍មួយទៀត នៃការតស៊ូមតិរួមគ្នាជាមួយ គ.ជ.ប និងរដ្ឋាភិបាលទៅលើការកែលម្អ ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា”។

លទ្ធផលបោះឆ្នោតបឋមបង្ហាញថា គ ប ម បន្តក្លាយជាក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅអាណត្តិថ្មី ក្នុង៣ឃុំ និងទទួលបានអាសនៈថ្មី នៅឃុំថ្មីមួយចំនួនទៀត។ បើតាមអ្នកសង្កេតការណ៍បោះឆ្នោតរបស់ គ ប ម គឺ គណបក្សនេះទទួល បាន៧អាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុង៥ឃុំ គឺឃុំរំដោះ២ (ព្រះវិហារ) , ឃុំដំណាក់សុក្រំ១ (កំពត) , ឃុំសាគ្រាម២ (កំពង់ធំ) , ឃុំប៉ាតេ ១ (រតនៈគិរី) និងឃុំខ្មាឆ្មារ១ (កំពង់ឆ្នាំង) ។

សូមជម្រាបថា ក្រោយការបោះឆ្នោត១ថ្ងៃ ឃើញថា មានគណបក្សនយោបាយមួយចំនួន បានចូលរួមប្រកួតប្រជែង ការបោះឆ្នោតដែរនោះ បង្ហាញការមិនពេញចិត្ត ចំពោះលទ្ធផលបោះឆ្នោត ប៉ុន្តែទន្ទឹងនឹងការមិនពេញចិត្ត ពីសំណាកគណបក្សមួយចំនួន ក៏មានគណបក្សផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍គាំទ្រ និងអបអរសាទរផងដែរ ទោះបីជាមិនបានអាសនៈ ជាមេឃុំ និងចៅសង្កាត់ក៏ដោយ ៕

To Top