ព័ត៌មានជាតិ

សម្តេច ទៀ បាញ់៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យពិភពលោក​ ឈានចូលរបត់ថ្មីមួយ នៃការបែកបាក់និងបែងចែក

ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិកម្ពុជា សម្តេច ទៀ បាញ់ បានអះអាងថា បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យពិភពលោក ឈានចូលដល់របត់ថ្មីមួយ នៃការបែកបាក់គ្នា និងការបែងចែកប៉ូលមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ។

សម្តេច ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ ក្នុងពិធីបើកការដ្ឋានសាងសង់ រោងជាងជួសជុលផែសំចត និងស្តារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ថា «សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្ហាញច្បាស់ ពីការវិលត្រឡប់មកវិញ នូវការប្រកួតប្រជែងយ៉ាងស្រួចស្រាល រវាងប្រទេសមហាអំណាចធំៗ ដែលបាននិងកំពុងធ្វើឲ្យពិភពលោក ឈានចូលរបត់ថ្មីនៃការបែកបាក់ និងបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ»។

សម្តេចថា សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននេះដែរ ក៏បានធ្វើឲ្យប្រទេសជារដ្ឋតូចៗ ធ្វើការជ្រើសរើស ប្រទេសមហាអំណាច ដែលពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេស ឬឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន រហូតមកដល់សព្វថ្ងៃនេះ ។ ក្នុងរយៈពេលជិត៥ខែ ដែលរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន ក៏មានការដាក់ទណ្ឌកម្មជាហូរហែរ មកលើមហាអំណាចរុស្ស៊ី ដែលមានលោកពូ ទីនជាមេដឹកនាំ ៕

To Top