ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ សំណូមពរកម្មករ ស្រូបយកចំណេះដឹង ក្នុងការកសាងផ្លូវ ល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ទៅប្រើការសាង សង់ផ្លូវផ្សេងៗ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់កម្មករកម្ពុជា ស្រូបយកចំណេះដឹង និងបទពិសោធន៍ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ ពេលសាងសង់ផ្លូវផ្សេងៗទៀត។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាព កម្ពុជា-ចិន ស្តីពីការដាក់ឲ្យដំណើរការ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី៧ មិថុនា លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមការងារបច្ចេកទេសរបស់ក្រសួង ពិនិត្យឃើញ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានគុណភាពល្អ ទាំងការរៀបចំ កសាង និងការរៀបចំសុវត្ថិភាព ។ បន្ថែមពីលើនេះ ក្រសួងបានជួលក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងវិស្វករឯករាជ្យ ឲ្យមកពិនិត្យលើគុណភាពថែមទៀត រួមជាមួយការប្រើបច្ចេកវិទ្យាថ្មី សម្ភារៈទំនើប បទពិសោធន៍ និង អ្នកជំនាញគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវនេះឲ្យមានគុណភាពរឹងមាំតាមស្តង់ដារបច្ចេកទេស ។

លោកបន្ថែមថា ការសាងសង់ផ្លូវល្បឿនលឿននេះបានបង្កើតការងារធ្វើជូនបុគ្គលិក កម្មករកម្មការិនីប្រមាណជាងបីពាន់នាក់ស្មើនឹង៧៨% ជាកម្មករកម្ពុជា។ លោកបានថ្លែងអំណរគុណចំពោះកម្មករកម្មការិនី អ្នកសាងសង់ទាំងអស់ បានខិតខំប្រឹងប្រែងកសាងផ្លូវនេះឲ្យមានគុណភាពល្អ និងទាន់ពេលវេលា តាមផែនការដែល បានគ្រោងទុក ជាពិសេសបានថ្លែងអំណរ គុណដល់វិស្វករ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងសាងសង់ផ្លូវនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «សំណូមពរឲ្យកម្មករកម្ពុជាស្រូបយកចំណេះដឹង និងបទពិសោធន៍ក្នុងការសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីយកទៅប្រើប្រាស់ពេលសាងសង់ផ្លូវផ្សេងៗទៀត និងបានថ្លែងអំណរគុណដល់មិត្តចិន ដែលបានផ្ទេរចំណេះវិជ្ជាអំពីការសាងសង់ទៅដល់បុគ្គលិក កម្មករ កម្មការិនីកម្ពុជាផងដែរ»។

លើសពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានកត់សម្គាល់អំពីមិត្តភាពដែកថែបកម្ពុជា-ចិន ដែលបានបន្តគ្រប់ជំនាន់ ចាប់តាំងពីសម័យសម្ដេចឪ ដែលតែងតែមានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមិត្តចិន និងបន្តមកសម័យតេជោ ក៏នៅបន្តទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំចិនផងដែរ ។ លោកមានជំនឿថា ពេលអនាគតទំនាក់ទំនងដែកថែបនេះនឹងនៅបន្តទៅមុខទៀត ដើម្បីរួមគ្នាកសាងសហគមន៍ ដែលមានវាសនាតែមួយ ធ្វើឲ្យសេដ្ឋកិច្ចជាតិកម្ពុជា ក៏ដូចជាមិត្តចិន ឬសេដ្ឋកិច្ចក្នុងតំបន់ ឬសេដ្ឋកិច្ចពិភពលោក មានការរីកចម្រើនថែមទៀត ៕

To Top