ព័ត៌មានជាតិ

សម្តេចតេជោ ៖ វ៉ាក់សាំងកូវីដ នៅកម្ពុជា មិនរើសអើស និងប្រកាន់និន្នាការ នយោបាយ ឡើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនបានរើសអើង និងប្រកាន់និន្នាការនយោបាយ និងសាសនានោះឡើយ។

សម្តេចតេជោ បានថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាសន្និបាតជ្រោយចង្វាថា រាជរដ្ឋាភិបាលបានគិតគូរ ណាស់ចំពោះសិទ្ធិរស់មានជីវិតសំខាន់ ។ ជាក់ស្តែងយុទ្ធសាស្ត្រការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ។

សម្តេចតេជោ បានលើកឡើងថា បើគ្មានសិទ្ធិរស់រានមានជីវិតហើយ នឹងគ្មានអ្វីទាំងអស់ ។ អ្នកខ្លះគេមិនហ៊ាននិយាយពីសិទ្ធិរស់រានមានជីវិតនោះទេ បែរទៅនិយាយពីសិទ្ធិអ្វីផ្សេង ប៉ុន្តែរាជរដ្ឋាភិបាលគិតគូរទាំងអស់ រាប់ទាំងសិទ្ធិបោះឆ្នោតដែលទើបកន្លងមកប៉ុន្មានសប្តាហ៍មកនេះ។

សម្តេចតេជោលើកឡើងទៀតថា សិទ្ធិបោះឆ្នោត គឺជាសិទ្ធិបែបប្រជាធិបតេយ្យ ។ ជាពិសេសវ៉ាក់សាំងនៅកម្ពុជា អត់មានការរើសអើងនោះទេ ។ ដូច្នេះពិនិត្យមើល បើទោះបីជាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ មានគណបក្ស១៧ចូលរួម ហើយគណបក្សទាំងអស់ក៏មានសំឡេងឆ្នោតដែរ គ្រាន់តែមានចំនួនតិចនិងច្រើន។

សម្តេចបញ្ជាក់ថា «ចំណុចនេះ យើងសួរតើអ្នកបោះឆ្នោទាំងនោះ បានទទួលចាក់វ៉ាក់សាំងឬអត់? ចំណុចនេះត្រូវគេមើលចំពោះចំណាត់ការរបស់កម្ពុជា បើទោះបីជាមានជំនឿលើសាសនាខុសគ្នា បើទោះបីមានជំនឿលើបក្សនយោបាយខុសគ្នា ក៏ប៉ុន្តែយើងមានតម្រូវដូចគ្នា គឺការរស់រានមានជីវិត និងការមិនឲ្យឆ្លងជំងឺកូវីដ។ អីចឹងរាជរដ្ឋាភិបាលត្រូវធ្វើចំណុចនេះ រឿងអ្នកកាន់និងមានជំនឿគណបក្សនយោបាយណា ជារឿងរបស់គេ ហើយខ្ញុំមិនឆ្ងល់ អ្វីដែលខ្ញុំឆ្ងល់គឺអាយុជីវិតរបស់ពលរដ្ឋ»។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងថា វ៉ាក់សាំងអាចចាត់ទុកជានិមិត្តរូបនៃសាមគ្គីជាតិ និងឯកភាពជាតិ។ សម្តេចថា “ពិតមែនហើយ ការពេលយើងចាប់ផ្តើមវ៉ាក់សាំង មានគេបំផុសព័ត៌មានថា ចាក់វ៉ាក់សាំងគឺងាប់ តែក្រោយមកមានការនិយាយថា វ៉ាក់សាំងអត់បញ្ហាដែលចំណុចនេះ គេមានចេតនាឲ្យមនុស្សទៅទទួលវ៉ាក់សាំង នៅពេលយើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់”។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា មានអ្នកបំផុសគំនិតថា ការចាក់វ៉ាក់សាំងយកលុយចំពោះអ្នកមាន ហើយអ្នកក្រមិនយកលុយ ។ ប៉ុន្តែសម្តេចតបថា មិនថាចាក់វ៉ាក់សាំងដូសទីប៉ុន្មាន ឬដល់ដូសទី២០គឺមិនលុយនោះទេ។ ដូច្នេះកុំចាត់ទុកវ៉ាក់សាំងនយោបាយឲ្យសោះ ៕

To Top