ព័ត៌មានជាតិ

សម្ដេចតេជោ ក្រើនរំលឹកមន្ត្រីថា ខ្លួនជាអ្នកបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយឡើយ ខណៈមន្ត្រីមិនល្អ ចេះត្រឹមស្តីបន្ទោសឲ្យថ្នាក់ក្រោម និងរាយការណ៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឲ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ខណៈមន្រ្តីមិនល្អ បានចេះត្រឹមស្តីបន្ទោស ឲ្យថ្នាក់ក្រោម និងរាយការណ៍ទៅថ្នាក់ប៉ុណ្ណោះ ។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា ខ្លួនជាមន្ដ្រី ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ លើសពីនេះ សម្តេច ក៏បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឲ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។

សម្ដេចតេជោ បញ្ជាក់ថា «អ្វីដែលខ្ញុំចង់ដាស់តឿន សម្រាប់មន្ត្រីរបស់យើង នោះគឺត្រូវចាំឲ្យបាន រំលឹកខ្លួនឯងឲ្យបានជាប់ជាប្រចាំ យើងជាមន្ត្រីត្រូវតែបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ សុំក្តាប់ចំណុចនេះឲ្យបាន»។

នាឱកាសនោះដែរ សម្ដេចតេជោ ក៏បានលើកឡើងថា ដើម្បីសម្រេចការងារមួយ បានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ៖ ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យ លេចឡើងពេលអនុវត្តន៍។

កត្តាចៃដន្យនេះ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តផែនការ នឹងធ្វើឲ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឲ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។ ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួន បម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕

To Top