ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្តិ ស្នើEIF បន្តគាំទ្រគម្រោង សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើលេខាធិការដ្ឋានកម្មវិធីពង្រឹង ក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework) បន្ដគាំទ្រគម្រោង សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ (CTIS 2019-2023) ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន កម្មវិធី EIF ប្រចាំនៅអង្គការពាណិជ្ជកម្ម ពិភពលោក នាពេលថ្មីៗ នេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ នាពេលកន្លងមក រវាង កម្ពុជា និងកម្មវិធី EIF ព្រមទាំងបានលើកឡើង អំពីសមិទ្ធិផលនានា និងវឌ្ឍនភាព នៃការអនុវត្តគម្រោង អភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជា (Go4eCAM) លទ្ធផលវិជ្ជមាន នៃការវាយតម្លៃលើកម្មវិធីពិពិធកម្ម រួមទាំងការពង្រីកការនាំចេញ (CEDEP)។

លោក ក៏បានលើកឡើង អំពីការដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះនូវផ្សារខេមបូត្រេដ «Cambodiatrade.com» ដែលជាផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចផ្សព្វផ្សាយ និងលក់នូវផលិតផល របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងនោះរួមមានសហគ្រាសដឹក នាំដោយសហគ្រិនជាស្រ្តីផងដែរ ។

ជាការឆ្លើយតប លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ នៃលេខាធិការដ្ឋានកម្មវិធី EIF បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសសក្តានុពល ក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងបានបង្ហាញពីការគាំទ្រ នូវយុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច រួមជាមួយនឹងគម្រោង Go4eCAM គម្រោង CTIS 2019-2023 និងភាពជាដៃគូដ៏រឹងមាំ ។

លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈផ្សារខេមបូត្រេដ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងមានឱកាសក្នុងការសម្របខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ ផលិតផលខ្មែរទៅកាន់ទីផ្សារសកល ៕

To Top