ព័ត៌មានជាតិ

កម្ពុជា-ប្រេស៊ីល ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ លើវិស័យកសិកម្ម

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងកសិកម្មកម្ពុជា និងឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវឆន្ទៈពង្រឹងនិងពង្រីកកិច្ច សហប្រតិបត្តិការ លើវិស័យកសិកម្ម នៃប្រទេសទាំងពីរ។

ការបង្ហាញឆន្ទៈនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយលោក José Borges dos Santos Júnior ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ លោក វេង សាខុន សង្ឃឹមថា ក្នុងអាណត្តិរបស់លោក José Borges dos Santos Júnior កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លើវិស័យកសិកម្ម នឹងចាប់ផ្តើមដំណើរការ ចេញជារូបរាង។

លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក រដ្ឋមន្ត្រី ហើយក្នុងឱកាសនោះ ក៏បានបង្ហាញពីឆន្ទៈ និងជឿជាក់ថា នឹងអាចរួមគ្នាជាមួយលោករដ្ឋមន្ត្រី ចាប់ផ្តើមដំណើរការ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កា។

លោកទូតបន្ថែមថា កិច្ចសហប្រតិបត្តិការនេះ នឹងអាចចាប់ផ្តើមតាមរយៈទស្សនកិច្ចផ្លូវការ របស់លោករដ្ឋមន្ត្រី ដើម្បីចូលរួមជាភ្ញៀវកិត្តិយស ក្នុងកិច្ចប្រជុំគោលនយោបាយ កសិកម្មក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល នាខែសីហា ខាងមុខនេះ។

ជាការឆ្លើយតប លោក វេង សាខុន សន្យាថានឹងពិនិត្យលទ្ធភាព ក្នុងការចូលរួមកិច្ចប្រជុំ ដ៏មានសារសំខាន់ខាងលើនេះ ហើយលោកនឹងអញ្ជើញ វិស័យឯកជន ដែលកំពុងវិនិយោគ ក្នុងវិស័យកសិកម្មនៅកម្ពុជា ចូលរួមក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ដើម្បីផ្តល់ឱកាសឲ្យវិស័យឯកជន នៃប្រទេសទាំងពីរអាចជួបគ្នា ផ្លាស់ប្តូរបទពិសោធ និងជាពិសេសច្បាមយកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើបក្នុងការកែច្នៃ វេច ខ្ចប់ និងការរៀបចំទីផ្សារ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា កាន់តែមានភាពរីកចម្រើនថែមទៀត ៕

To Top