ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៊ី ស្វែងយល់ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគ ជាមួយខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកឧកញ៉ាសុក រ៉ាដូប្រធានសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង និង Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ១៥ដល់ថ្ងៃទី១៧ ខែមិថុនា ដើម្បីស្វែងយល់ ពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត រវាងឥណ្ឌូនេស៊ី និងកម្ពុជា ជាពិសេសធ្វើការ វិនិយោគជាមួយខេត្តស្វាយរៀង ។

លោកឧកញ៉ា សុក រ៉ាដូ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ ស្ថានទូត នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះបំពេញទស្សនកិច្ច ក៏ដូចជានាំអ្នកវិនិយោគឥណ្ឌូនេស៊ី មកបណ្ដាក់ទុន រកស៊ីនៅខេត្តស្វាយរៀង បន្ថែមទៀត ។ ក្នុងនោះបានបំពេញ ទស្សនកិច្ចនៅរោងចក្រកង់ ក្នុងតំបន់សេដ្ឋកិច្ច ពិសេសមេនហាធេន និងរោងចក្រផលិត គ្រឿងអគ្គិសនី ក្នុងតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ផ្សាររួចពន្ធ ព្រមទាំងចុះសិក្សាស្វែង យល់អំពីពាណិជ្ជកម្ម ព្រំដែនកម្ពុជា-វៀតណាម ។

លោកបានបន្ថែមថា ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន រោងចក្រនិងស្ថានទូតឥណ្ឌូណេស៊ី ក៏បានលើកឡើងចំណុចសំខាន់ៗ ពាក់ព័ន្ធទៅនិងវត្ថុធាតុដើម ការដំឡើងកង់ និងផលិតគ្រឿងអគ្គិសនី ព្រមទាំងទីផ្សារ នាំចេញផងដែរ ។ ជាមួយគ្នានេះ ទូតឥណ្ឌូណេស៊ី ក៏បានចុះសួរសុខទុក្ខ ជាមួយជនជាតិឥណ្ឌូនេស៊ី ដែលកំពុងបម្រើការងារ នៅតាមក្រុមហ៊ុនរោងចក្រ កាស៊ីណូ មួយចំនួននៅក្រុងបាវិតផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោក Sudirman Haseng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសរសើរ ដល់សភាពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដី ដែលបានផ្ដល់ឱកាសឲ្យស្ថានទូតឥណ្ឌូនេស៊ី ចុះសិក្សាស្វែងយល់អំពីវិស័យ វិនិយោគនៅខេត្តស្វាយរៀង ហើយក្នុងនាមលោកជាឯកអគ្គរាជទូត និងនាំអ្នកវិនិយោគឥណ្ឌូនេស៊ី មកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀង បន្ថែមទៀតដែលឆ្លុះបញ្ចាំង ឲ្យឃើញពីការទំនាក់ទំនងដ៏ល្អ រវាងប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជា។

សូមបញ្ជាក់ថាវិស័យវិនិយោគឯកជន នៅខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្នានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៨កន្លែង ដែលបានបង្កើតការងារធ្វើ ជូនពលជាពលរដ្ឋ បានប្រមាណ ៩៧.០០០នាក់៕

To Top