ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនាផ្លូវ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅស្រុកបាធាយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវចំនួន ២ខ្សែ នៅក្នុងឃុំត្រប់ និងឃុំតាំងក្រាំង ស្រុកបាធាយ និងបានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ ។

បើតាម លោក ចាត ជួប ជាប្រជាពលរដ្ឋ ភូមិរោធ ឃុំត្រប់ បានឲ្យដឹងថា កន្លងទៅប្រជាពលរដ្ឋភូមិរោធ មានការលំបាក នៅក្នុងការធ្វើដំណើរ ឬដឹកផលដំណាំកសិផលផ្សេងៗ យកមកលក់នៅទីផ្សារ ដែលមានចម្ងាយផ្លូវប្រវែងជាង ១៤ គីឡូម៉ែត្រ ដោយសារផ្លូវមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ ទាំងរដូវប្រាំង និងរដូវវស្សា ។ កត្តាទាំងនោះបានធ្វើឲ្យជីវភាព របស់ប្រជាពលរដ្ឋ ជួបប្រទះនូវការខ្វះខាតច្រើន ។

លោក ចាត ជួប បានបន្តទៀតថា ប៉ុន្តែយ៉ាងណាក៏ដោយ ផ្លូវមួយខ្សែនេះក្រោយពេល អាជ្ញាធរខេត្តកំពង់ចាម បានសាងសង់ស្ថាបនា ជាផ្លូវកៅស៊ូប្រភេទ DBST ធ្វើអោយប្រជាពលរដ្ឋអបអរសាទរ និងត្រេកអរយ៉ាងខ្លាំង ដែលបានប្រើប្រាស់ផ្លូវនេះ ជាមធ្យោបាយឆ្លងកាត់ក៏ដូចជាការដឹក កសិផលយកមកលក់នៅទីផ្សារ បានងាយស្រួលនិងឆាប់រហ័ស ធ្វើឱ្យជីវភាពរបស់ពួកគាត់ មានភាពប្រសើរឡើង ។

ផ្ទាំងពាណិជ្ជកម្ម

ស្ថិតក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភូមិរោធ អភិបាល ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា « ខ្ញុំតែងតែគិតថា នៅពេលបានផ្លូវកៅស៊ូនេះ ជូនដល់ប្រជាពលរដ្ឋ អាចធ្វើឱ្យប្រជាពលរដ្ឋ យើងអាចធ្វើដំណើរឆ្លងកាត់ និងដឹកកសិផល ទៅកាន់ទីប្រជុំជនផ្សេងៗ បានងាយស្រួលនិងឆាប់រហ័ស និងជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋយើងក្នុងតំបន់នេះ ឲ្យមានភាពប្រសើរឡើង » ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ផ្លូវដែលកំពុងស្ថាបនា មានប្រវែងជាង ១៤ គីឡូម៉ែត្រ ភូមិរោធ មកភូមិថ្កូវ ក្នុងឃុំតាំងក្រាំង ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ជាជំនួយរបស់រាជរដ្ឋាភិបាល តាមរយៈការស្នើសុំ របស់រដ្ឋបាល ខេត្តកំពង់ចាម ។ បច្ចុប្បន្នផ្លូវមួយខ្សែនេះ ស្ថាបនាបានប្រមាណជា ៧០% នឹងអាចរួចរាល់ជាស្ថាពរ ក្នុងរយៈពេលបីខែទៀត ។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីសំណេះសំណាល ជាមួយប្រជាពលរដ្ឋភូមិរោធរួច អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ បានបន្តដំណើរចុះត្រួតពិនិត្យផ្លូវ មួយខ្សែទៀតជាប្រភេទ ផ្លូវក្រាលកៅស៊ូ DBSTដែរ មានប្រវែងប្រមាណជា ៧គីឡូម៉ែត្រ ចេញពីភូមិអកទៀង ទៅដល់ទួលថ្ងាន់ ស្ថិតក្នុងឃុំតាំងក្រាំង ស្រុកបាធាយ ៕

To Top