ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ សំណូមពរក្រុមហ៊ុនអាមេរិក ទាក់ទាញវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរក្រុមហ៊ុនអាមេរិក ទាក់ទាញវិនិយោគិនពី សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) នាថ្ងៃទី១៧ មិថុនា លោក ស៊ុន ចាន់ថុល បានប្រាប់ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA អំពីផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគប្រមាណ ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ ៣៣០គម្រោង។

លោក បញ្ជាក់ថា «សំណូមពរឲ្យក្រុមហ៊ុន Ford និងក្រុមហ៊ុនRMA ទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា»។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី បានជំរុញលើកទឹកចិត្តឲ្យសិក្ខាកាម និងនិស្សិតរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបាន ខ្លាំងក្លាដើម្បីមានចំណេះដឹងអាចជួសជុល រថយន្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា និងបានធ្វើការកត់សម្គាល់ថា៖ យានយន្តក៏ជាកត្តាមួយបង្កឱ្យ មានគ្រោះថ្នាក់នៅកម្ពុជាផងដែរ ដោយសារការជួសជុល និងកែច្នៃយានយន្តមិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ៕

To Top