ព័ត៌មានជាតិ

ក្រុមអ្នកអភិរក្ស បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិរក្សសត្វត្មាតកម្ពុជាឱ្យគង់វង្ស

ភ្នំពេញ៖ ក្រុមការងារអភិរក្សសត្វកម្ពុជា បានចាប់ផ្តើមដំណើរការជំរឿន សត្វត្មាតប្រចាំឆ្នាំរបស់ខ្លួន ស្ថិតក្នុងក្របខណ្ឌ នៃការធ្វើជំរឿនប្រចាំឆ្នាំចំនួន ៥ដង ដើម្បីតាមដានលើទិន្នន័យ វត្តមានរបស់សត្វត្មាត និងការត្រៀមរៀបចំផែនការបន្ត ក្នុងការការពារថែរក្សា និងអភិរក្សប្រភេទសត្វស្លាបកម្រនេះឲ្យ បានគង់វង្ស។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងជំរឿនចំនួន ៤ កន្លែងត្រូវបានបើកក្នុងពេលដំណាលគ្នា នាថ្ងៃនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ ទី២-ដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង ទី៣-ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និង ទី៤-ដែនជម្រកសត្វព្រៃស្រែពក នៅក្នុងខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវត្តនៃចំនួនសត្វត្មាតនៅកម្ពុជា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ ចុះវិធានការផ្សេងៗ ក្នុងបំណងការពារឲ្យបាន នូវប្រភេទសត្វដ៏កម្រនេះ។ លោកថា ទិន្នន័យជំរឿនសត្វត្មាត កាលពីឆ្នាំ២០២១ កន្លងទៅបង្ហាញថា សត្វត្មាត៣ ប្រភេទដែលមាននៅប្រទេសកម្ពុជាគឺត្មាតភ្លើង ត្មាតត្នោត និងត្មាតកសផេះ មានវត្តមានសរុបចំនួន ១២១ ក្បាល នៅក្នុងអាហារដ្ឋានត្មាតចំនួន ៤ កន្លែងនៅតំបន់ការពារធម្មជាតិកម្ពុជាក្នុងនោះមានត្មាតភ្លើង ២០ ក្បាលត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។

លោក បន្ថែមថា លទ្ធផលនៃការរាប់ចំនួនសត្វត្មាត ដោយអាហារដ្ឋានត្មាត នៅដែនជម្រកសត្វព្រៃសំបូរនៃតំបន់ទេសភាព ព្រៃលិចទឹកមេគង្គកាលពីឆ្នាំ២០២១ កន្លងទៅមានចំនួន ៤១ ក្បាល និងបានបង្ហាញថា ចំនួនសត្វត្មាតសរុបទាំង ៣ ប្រភេទបញ្ចូលគ្នាបានកើនឡើងទ្វេដង សម្រាប់តំបន់នេះពោលគឺពីចំនួន ២០ ក្បាលដល់ចំនួន ៤១ ក្បាលសម្រាប់ចន្លោះចុងខែមិថុនា ដល់ចុងខែសីហាឆ្នាំ ២០២១ កន្លងទៅ។

លើសពីនេះ លោករដ្ឋលេខាធិការ បានលើកឡើងថា កម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ ប្រភេទសត្វត្មាតទាំងនេះ នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ប៉ុន្តែចំនួននេះបានធ្លាក់ចុះ ពាក់កណ្តាលក្នុងរយៈពេល ១០ ឆ្នាំកន្លងមក៕

To Top