ព័ត៌មានជាតិ

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “ស្ពានភាសាចិន” ពិភពលោក លើកទី២១ ថ្នាក់ឧត្តមសិក្សា ប្រចាំកម្ពុជា

ភ្នំពេញ៖ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី “ស្ពានភាសាចិន” ពិភពលោក លើកទី២១ ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ មានការចូលរួមជាអធិបតីពី លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា លោក Liu Daozhi ប្រធានធនាគារចិន(ហុងកុង)សាខា ភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន ស្ថាប័ននានា គណៈកម្មការវាយតម្លៃការប្រកួត គ្រូបង្រៀនជនជាតិចិន បេក្ខជនចូលរួមប្រកួត និងភ្ញៀវកិត្តិយសផ្សេងទៀត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងមតិស្វាគមន៍របស់នាយកភាគីកម្ពុជាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីមហាជនគ្រប់ស្រទាប់។ ការប្រព្រឹត្តទៅបានយ៉ាងរលូននៃកម្មវិធីនេះ គឺមិនអាចកាត់ផ្តាច់បានពីការយកចិត្តទុកដាក់ និងការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជាបានឡើយ។ គិតចាប់ពីឆ្នាំ២០១០មក វិទ្យាស្ថានបានរៀបចំកម្មវិធី “ស្ពានភាសាចិន” ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចំនួន១៣លើករួចមកហើយ ដែលកម្មវិធីនេះ គឺជា “វេទិកា” ដ៏សំខាន់សម្រាប់បេក្ខជនប្រកួតដោយអាចបង្កើនសមត្ថភាពភាសាចិន និងអាចសិក្សារៀនសូត្រពីគ្នាទៅវិញទៅមកបាន។

លោក Liu Daozhi ប្រធានធនាគារចិន(ហុងកុង)សាខាភ្នំពេញ និងក្នុងនាមជាស្ថាប័នដែលបានជួយឧបត្ថម្ភរង្វាន់នៃកម្មវិធីនេះបានលើកឡើងថា យើងមានកិត្តិយសដែលបានក្លាយជាដៃគូសហការរៀបចំកម្មវិធីនេះ ហើយនេះក៏ជាការសហការរយៈពេល៣ឆ្នាំជាប់ៗគ្នាផងដែរ។ កម្មវិធី “ស្ពានភាសាចិន” នេះ បានផ្តល់ឱកាសដល់និសិ្សតទូទាំងពិភពលោកក្នុងការសិក្សាភាសាចិន។ ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក្តី ប៉ុន្តែវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏នៅតែអាចបន្តរៀបចំកម្មវិធី “ស្ពានភាសាចិន” បានដដែល។ ធនាគារចិន(ហុងកុង)សាខាភ្នំពេញ នឹងនៅតែបន្តជួយឧបត្ថម្ភសម្រាប់កម្មវិធីនេះ និងសង្ឃឹមថាសិស្ស-និស្សិតកម្ពុជា នៅតែបន្តសិក្សាភាសាចិន ស្វែងយល់ពីវប្បធម៌ប្រទេសចិនកាន់តែច្រើនឡើង។

លោក Chang Jian អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងនូវការសាទរចំពោះការរៀបចំកម្មវិធីនេះដែលប្រព្រឹត្តទៅបានយ៉ាងរលូន។ យើងរីករាយនៅពេលឃើញភាសាចិន បានក្លាយជាភាសាបរទេសដែលយុវជនកម្ពុជាស្រឡាញ់ចូលចិត្ត ហើយការបង្កើតថ្នាក់ភាសាចិនតាមគ្រឹះស្ថាននានា ក៏មានការកើនឡើងដែរ។ ការបណ្តុះបណ្តាលគរុកោសល្យភាសាចិន និងការបណ្តុះបណ្តាល “ភាសាចិន+វិជ្ជាជីវៈ” បានឆ្លើយតបទៅនឹងតម្រូវការក្នុងតំបន់ និងទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។ បើគិតចាប់ពីឆ្នាំ២០១៨មក កម្មវិធី “ស្ពានភាសាចិន” ឆ្នាំនេះ គឺមានបេក្ខជនចូលរួមប្រកួតច្រើនជាងគេ។ ស្ថានទូតចិនប្រចាំកម្ពុជា នឹងបន្តពង្រឹងទំនាក់ទំនងជាមួយគ្រឹះស្ថានអប់រំនៅកម្ពុជា ជំរុញការអប់រំភាសាចិននៅកម្ពុជា ផ្តល់ភាពងាយស្រួលដល់ការសិក្សាភាសាចិនជូននិស្សិតកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ចិន។

ជាចុងក្រោយ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំកម្ពុជា ធនាគារចិន(ហុងកុង)សាខាភ្នំពេញ ដែលតែងតែបន្តជួយគាំទ្ររហូតមក។ ឯកឧត្តមបណ្ឌិត បន្តថា ប្រវត្តិសាស្ត្របានចារិកពីការធ្វើដំណើររួមគ្នាជាយូរឆ្នាំនៃចំណងការទូតរវាងកម្ពុជានិងចិន ដោយសម្រេចបាននូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងកម្រិត “មិត្តភាពដែកថែប”។

នៅក្នុងបរិបទនៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ការអប់រំភាសាចិនកាន់តែមានសារៈសំខាន់សម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ជាក់ស្តែង កម្មវិធី “ស្ពានភាសាចិន” គឺជាវេទិកាធំមួយសម្រាប់អ្នកសិក្សាភាសាចិននៅប្រទេសកម្ពុជាបញ្ចេញសមត្ថភាពភាសាចិន ហើយពិតជាមានអត្ថន័យខ្លាំងណាស់ចំពោះការអប់រំភាសាចិននៅកម្ពុជា៕

To Top