ព័ត៌មានជាតិ

ឃុំខ្លួនសន្តិសុខចិន ៣នាក់ ពាក់ព័ន្ធ ការចាប់បង្ខាំង បុរសចិនម្នាក់ និងជំរិតទារប្រាក់ ១,២លានដុល្លារ នៅខេត្តព្រះសីហនុ

ភ្នំពេញ: បុរសត្រូវចោទ ជនជាតិចិន ចំនួន ៣នាក់ កាលថ្ងៃសៅរ៍ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ ចាប់ និង បញ្ជូនទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុង ពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធការ ចាប់ជំរិតបុរសរងគ្រោះចិនម្នាក់ ដែលត្រូវជាមិត្តភក្តិ និង បានប៉ុងប៉ង ជំរិតទារ ចំនួន ១,២ លាន ដុល្លារអាមេរិក ពីក្រុមគ្រួសាររបស់ជនរងគ្រោះ ជាថ្នូរនឹងការដោះលែង ជនរងគ្រោះ វិញ ប្រព្រឹត្តនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ -ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជនត្រូវចោទ ទាំង៣នាក់មាន ឈ្មោះ ទី ១-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។ទី ២ -ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។និង ទី ៣-ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ ស្នាក់នៅភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកឯជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ អ្នករកស៊ី ស្នាក់នៅភូមិ ៦ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា: ជនត្រូវចោទចិនទាំង៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់ពី: ចាប់បង្ខាំងមនុស្ស, ជំរិតទារប្រាក់ និង ការប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបានវត្ថតាង រួមមាន៖ -កាំភ្លើងខ្លី ចំនួន១ ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 , បង់ ១, គ្រាប់ចំនួន ៨ គ្រាប់, រថយន្ត ១ គ្រឿង ម៉ាក MERCEDES BENZ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7333, រថយន្ត ១ គ្រឿងម៉ាក TUNRDA ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-2050 , -ទូរស័ព្ទដៃចំនួន ៥ គ្រឿង ម៉ាក Iphone X ពណ៌ស ១ គ្រឿង ,ម៉ាក Iphone12 Pro Max ពណ៌ខៀវ ១ គ្រឿង , ម៉ាក Iphone13 Pro Max ពណ៌ប្រផេះ ១ គ្រឿង ,ម៉ាក OPPO ពណ៌ខៀវ ១ គ្រឿង និងម៉ាក Sansung Fold2 ពណ៌ផ្កាឈូក ១ គ្រឿង៕

ដោយ: លីហ្សា

To Top