ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព និងសំណេះសំណាល ជាមួយមន្ត្រី នៃអង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម ។

ស្ថិតក្នុងឱកាសនោះ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម លោកស្រី សម ផល្លា បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងដំណើរការផ្សព្វផ្សាយមានដូចជា ផេកចំនួន ៤ , Telegram Channel ១ , គេហទំព័រ ១ , វិទ្យុ អនឡាញ ១ , ទូរទស្សន៍ផ្សាយលំហ ១ , និង ផ្សាយតាមរយៈ ទូរទស្សន៍ខ្សែកាប ៣ Channel , ។ ទន្ទឹមនឹងនេះដែរ អង្គភាពមន្ទីរព័ត៌មានខេត្ត បានផលិតកម្មវិធីផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ក្នុងមួយថ្ងៃ ២ម៉ោងផងដែរ ។

លោកស្រី សម ផល្លា បានបញ្ជាក់ថា អ្វីៗដែលធ្វើឲ្យមានការរីកចម្រើនដល់មន្ទីរព័ត៌មានខេត្តកំពង់ចាមដូចពេលនេះ គឺដោយសារមានការសហការល្អពីអាជ្ញាធរ និងមន្ទីរស្ថាប័នគ្រប់ជំនាញ ដែលរួមសហការ ក្នុងការផ្សព្វផ្សាយព័ត៌មាន តាមរយៈនាទីសន្ទនាមតិ ជាដើម ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ផងដែរថា ការផ្សព្វផ្សាយព័ត៌មានតាម facebook បើនិយាយប្រៀបធៀបលើឧស្សាហកម្ម បានន័យថា វាជាផលិតផលពាក់កណ្ដាលសម្រេច ប៉ុន្តែព័ត៌មានលើផេករបស់មន្ទីរ គឺជាផលិតផលសម្រេច ពោលគឺ បើទោះជា ជួនកាលចេញផ្សាយយឺតបន្តិចក៏ពិតមែន ប៉ុន្តែមានមូលហេតុគ្រប់គ្រាន់។រីឯគោលការណ៍របស់អ្នកព័ត៌មានគឺ លឿន , ប្លែក , ទុកចិត្តបាន , នៅទីណា , ពេលណា , ទាំង៥ នេះ គឺសំខាន់ជាង គេ គឺព័ត៌មានដែលទុកចិត្តបាន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កន្លងទៅនេះ មន្ទីរព័ត៌មានខេត្តកំពង់ចាម ផលិតព័ត៌មានបានលឿន និងបានល្អ ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំអោយអង្គភាពមន្ទីរព័ត៌មានខេត្ត ត្រៀមរៀបចំផលិតព័ត៌មាន អំពីការអភិវឌ្ឍ ៥ឆ្នាំរបស់ខេត្ត ដែលមានរយៈពេលយ៉ាងច្រើនត្រឹម ៣០នាទី ដើម្បីទុកចូលរួមផ្សព្វផ្សាយ ក្នុងពិធី បិទសន្និបាតបូកសរុបការងាររបស់ក្រសួងព័ត៌មាននាពេលខាងមុខ ៕

To Top