ព័ត៌មានជាតិ

សម្ដេចតេជោ ៖ វៀតណាម និងគណបក្សប្រជាជនកម្ពុជា ទទួលបានយុត្តិធម៌ តាមរយៈការកាត់ទោស ខ្មែរក្រហម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វៀតណាមនិងគណបក្សប្រជាជនកម្ពុជា ទទួលបានយុត្តិធម៌ តាមរយៈការកាត់ទោសមេដឹកនាំខ្មែរក្រហម

ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ពលរដ្ឋមួយចំនួនបានដឹងរួចទៅហើយ ហើយប្រវត្តិសាស្រ្តក៏បានកត់ត្រាទុក អំពីអន្តរាគមន៍របស់កងទ័ពវៀតណាម ដើម្បីសង្គ្រោះប្រជាជននិងប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជជសាសន៍ ប៉ុល ពត ។ ក្នុងនោះជាមួយនឹងការចោទប្រកាន់ ពីសំណាក់មជ្ឈដ្ឋានមួយចំនួន ថាវៀតណាមបានឈ្លានពានលើកម្ពុជា សម្ដេចតេជោក៏បានផ្ដាំឲ្យទៅសួរតុលាការកូនកាត់ អង្គការសហប្រជាជាតិនិងកម្ពុជា (អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសា លាក្តីខ្មែរក្រហម)។ តើសាលក្រមតុលាការកាត់ទោស ប៉ុល ពត មានន័យដូចម្ដេច?។

សម្ដេចតេជោបញ្ជាក់ថា “នេះគឺជាការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ តែម្ដងថា ទង្វើរបស់វៀតណាម ត្រឹមត្រូវ បើទង្វើវៀតណាមមិនត្រឹមត្រូវ មិនចាំបាច់កាត់ទោសពួកខ្មែរក្រហមធ្វើអី”។

សម្ដេចបន្តបានលើកឡើងចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវស្លាប់ ដោយសារកងទ័ពវៀតណាម ទើបមនុស្សមួយចំនួនចោទថា សម្ដេចជាអ្នកទៅដឹកដៃកងទ័ពវៀតណាមឲ្យមកសម្លាប់ប្រជាជនកម្ពុជា។

សម្ដេចតេជោសង្កត់ធ្ងន់ថា “អ្នកខ្លះចោទប្រកាន់ខ្ញុំ ថា «ហ៊ុន សែន មានទោសឧក្រិដ្ឋ គឺទៅនាំកងទ័ពវៀតណាម ចូលកម្ពុជា»”។

សម្ដេចថា ឥឡូវទៅសួរអង្គការសហប្រជាជាតិតែម្ដង ហេតុអ្វីត្រូវចាំបាច់កាត់ទោស ហើយតុលាការកូនកាត់ មិនមែនបង្កើតឡើងដោយក្រុមណាមួយនោះទេ គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែម្ដង គឺកាត់សេចក្ដីសំណុំរឿងមួយនេះ ហើយកាត់ឲ្យពួកខ្មែរក្រហម «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា “ទោះបីថាយើងត្រូវទទួលរងនូវភាពអយុត្តិធម៌ រយៈពេលដ៏យូរ គឺសាធារណៈរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា ទទួលទណ្ឌកម្ម ដោយអង្គការសហប្រជាជាតិមិនទទួលស្គាល់ ហើយបែរជាទទួលស្គាល់ពួក ប៉ុល ពត អង្គុយនៅអង្គការសហប្រជាជាតិ ។ វៀតណាមក៏ត្រូវទទួលទណ្ឌកម្ម ដោយមានឈ្មោះជាអ្នកឈ្លានពានកម្ពុជា ក៏ប៉ុន្តែឥឡូវនេះ វៀតណាមបានទទួលនូវយុត្តិធម៌ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា និយាយឲ្យចំគឺទទួលយុត្តិធម៌ហើយ» ។

សម្ដេចបញ្ជាក់យ៉ាងច្បាស់ៗថា “ជោគជ័យនៃការកាត់ទោសខ្មែរក្រហម គឺជាការផ្ដល់យុត្តិធម៌ នៃកម្លាំងតស៊ូរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម”៕

To Top