ព័ត៌មានជាតិ

អន ម៉ូនីតា និស្សិតឆ្នើម របស់កម្ពុជា ដែលកំពុងសិក្សានៅស្វីស លេចធ្លោក្នុងវិស័យសិក្សា ជាមួយនឹងសញ្ញាបត្រ មេដាយ ពានរង្វាន់ ក្នុងដៃជាង៧០ច្បាប់ (Video)

ភ្នំពេញ​ ៖ និស្សិតឆ្នើមមួយរូបរបស់កម្ពុជា គឺកញ្ញា អន ម៉ូនីតា កំពុងទទួលការកោតស្ងប់ស្ងែង ក្រៃលែង ជាមួយនឹងសមត្ថភាពលេចធ្លោ ក្នុងវិស័យសិក្សា ដោយមកដល់ពេលនេះ កញ្ញា ទទួលបានសញ្ញាបត្រនិទ្ទេស A ព្រមទាំងទទួលបានមេដាយ និង ពានរង្វាន់ពីការប្រកួតប្រជែង មិនតិចជាង៧០ ច្បាប់នោះឡើយ ។ កញ្ញាក៏មានស្នាដៃឆ្នើម ក្នុងវិស័យកីឡា និងកិច្ចការសង្គមធម៌ ជាច្រើនផងដែរ។

មោទនភាពនេះ គឺជាការចូលរួមលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា តាមរយៈការខិតខំអភិវឌ្ឍ សមត្ថភាពឱ្យលេចធ្លោឡើងក្នុងចំណោមនិស្សិតអន្តរជាតិ ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិខ្លះ ដែលបានដឹងបានឮពីសមត្ថភាពឆ្នើមរបស់កញ្ញា អន ម៉ូនីតា ដែលតែងនិយាយប្រាប់គេថា ជនជាតិខ្មែរពេញៗមាត់។

កញ្ញា អន ម៉ូនីតា បានថ្លែងថា កញ្ញាធ្លាប់ទទួលបានអាហារូបករណ៍ ពីមហាវិទ្យាល័យជាច្រើនកន្លែង ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

បច្ចុប្បន្ន កញ្ញាកំពុងតែសិក្សា នៅសាកលវិទ្យាល័យ គ្រប់គ្រងអាជីវកម្ម និងសណ្ឋាគារ (Business & Hotel Management) ជំនាញ Specialist Hospitality Management ដែលស្ថិតនៅទីក្រុង Luzern ប្រទេសស្វីស ជាប្រទេសដែលមានថ្លៃសិក្សាថ្លៃជាងគេ និងមានសន្តិភាពជាងគេ នៅលើពិភពលោក ។

និស្សិតខ្មែរដ៏ឆ្នើមរូបនេះបានបន្តថា ទាំងការសិក្សាក្នុងប្រទេសនិងក្រៅប្រទេស កញ្ញាតែងទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំសាលា ពោលគឺបាននិទ្ទេស A គ្រប់មុខវិជ្ជា។ ម្យ៉ាងវិញទៀត កញ្ញាក៏តែងតែចូលរួមប្រកួតប្រជែង និងទទួលបានមេដាយ និងពានរង្វាន់ផ្នែកភាសាអង់គ្លេស គណិតវិទ្យា អក្សរសាស្រ្ត ព្រមទាំងទទួលបានសញ្ញបត្រលេខ១ ខាងចរិយាសម្បត្តិល្អប្រសើរថែមទៀតផង ។

កញ្ញា អន ម៉ូនីតា បានបញ្ជាក់ថា «មកដល់បច្ចុប្បន្ន កញ្ញាទទួលបានសញ្ញាបត្រឆ្នើម និងទទួលបានមេដាយ និងពានរង្វាន់សរុបជាង៧០ច្បាប់ហើយ»។

គួរជម្រាបថា មិនត្រឹមតែពូកែឈ្លាសវៃក្នុងវិស័យសិក្សាប៉ុណ្ណោះទេ យុវតី អន ម៉ូនីតា ក៏មានរូបសម្បត្តិស្រស់សោភា ចរិយារមទម សមជានារីខ្មែរ ហើយថែមទាំងមានគុណធម៌ សីលធម៌ សុជីវធម៌ល្អសមរម្យផងដែរ ។ គិតត្រឹមឆ្នាំនេះ ម៉ូនីតាមានអាយុ២១ឆ្នាំហើយ ដែលនេះមិនងាយ នឹងពើបប្រទះឡើយ ចំពោះនារីដែលនៅវ័យក្មេង ទាំងល្អ ទាំងពូកែ គួរជាទីមោទនៈសម្រាប់ប្រជាជាតិខ្មែរយើង។

ក្រៅពីភាពលេចធ្លោ ក្នុងវិស័យសិក្សា យុវតីឆ្នើមរបស់កម្ពុជារូបនេះ ក៏ប្រសប់នឹងវិស័យកីឡាផងដែរ ។ ម៉ូនីតាជាជើងឯករត់ម៉ារ៉ាតុង (Marathon) ដែលប្រកួតប្រជែង ជាមួយសាលាល្បីៗ ដូចជា ISPP, Logos, Northbridge, CIA ដោយទទួលបានជ័យលាភីលេខ១, ផ្នែកកីឡាការ៉ាតេ ម៉ូនីតាទទួលបានចំណាត់ថ្នាក់លេខ៣ និងទទួលបានមេដាយ ពីការប្រកួតកីឡាជាច្រើនទៀត ជាពិសេសបាញ់កាំភ្លើង ជិះសេះ ហែលទឹក ជ្រមុជទឹក វាយកូនបាល់លើតុ និងការប្រណាំងទូកជាដើម ។

ទោះបីមមាញឹកនឹងការសិក្សា​ និងកីឡាយ៉ាងនេះក្ដី កញ្ញា អន ម៉ូនីតា ក៏តែងតែចុះធ្វើសកម្មភាព សង្គមធម៌យ៉ាងផុសផុលផងដែរ។ ដោយសារតែហេតុនេះ ហើយទើបកញ្ញា អន ម៉ូនីតា បានក្លាយជាយុវជនគំរូ និងទទួលបានពានរង្វាន់អ្នកបង្កើតសន្តិភាពកាលពីឆ្នាំ២០២០ (Peace award Maker 2020) ដែលជាពានរង្វាន់សន្តិភាព សម្រាប់ប្រយោជន៍អ្នកដទៃ ប្រកបដោយចីរភាពដល់ពិភពលោក ។

កញ្ញា ម៉ូនីតា បានបន្ថែមថា មិនថារវល់យ៉ាងណា កញ្ញា តែងតែខិតខំអស់ពីកម្លាំងចិត្ត ជួយដល់កុមារក្រីក្រឱ្យទទួលបានចំណេះដឹង ជួយផ្ដល់ការអប់រំស្មារតី ដល់អ្នកដទៃឱ្យដើរលើវិថីត្រឹមត្រូវ ប្រកបដោយគុណធម៌ ។ តាមរយៈកិច្ចការទាំងនេះហើយ កញ្ញា ម៉ូនីតា ក៏បានបង្កើតពាក្យស្លោកផ្ទាល់ខ្លួនមួយដែរថា «ប្រទេសជាតិមួយរីកចម្រើនបាន ចាំបាច់ត្រូវការមានធនធានមនុស្ស ប្រៀបដូចជាមនុស្សយើងអាចរស់ នៅបាន ចាំបាច់ត្រូវការបច្ច័យ៤ គឺអាហារ ថ្នាំសង្កូវ ជម្រក និងសម្លៀកបំពាក់» ហើយតែងផ្សព្វផ្សាយពាក្យស្លោកនេះ ទៅកាន់មនុស្សម្នាជាច្រើន ៕

To Top