ព័ត៌មានជាតិ

ប្រភេទត្រីទឹកសាប ធំជាងគេលើពិភពលោក ត្រូវបានរកឃើញ និងលែងចូលក្នុងទន្លេមេគង្គ កម្ពុជា

ភ្នំពេញ៖ អ្វីដែលជាប្រស្នាអាថ៌កំបាំងដ៏អស្ចារ្យមួយ របស់សត្វព្រៃដ៏យូរលង់មកហើយ នោះគឺអត្តសញ្ញាណរបស់ប្រភេទត្រីទឹកសាប ធំជាងគេលើពិភពលោក ហាក់ដូចជា ត្រូវបានស្រាយចេញ កាលពីសប្តាហ៍មុន ខណៈអ្នកនេសាទនៅភាគខាងជើង នៃប្រទេសកម្ពុជា ធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានរកឃើញ ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម នៅជិតកោះដាច់ស្រយាលមួយ ក្នុងទន្លេមេគង្គ ហើយក៏ត្រូវបានលែងចូលទន្លេវិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ UNAID បានឲ្យដឹងថា ទំហំដ៏គួរឲ្យភ្ញាក់ផ្អើលនៃត្រីជិតផុតពូជ ដែលទម្ងន់របស់វា ត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ថា ធ្ងន់ជាង២ដង នៃទម្ងន់ជាមធ្យមរបស់សត្វស្វាគ្រោង ដែលរស់នៅតំបន់ទំនាបទៅទៀត ហើយទំហំនេះជាងត្រីរាជ ទម្ងន់ ២៩៣ គីឡូក្រាម ដែលត្រូវចាប់បាននៅក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០០៥ ដែលបានកាន់កាប់កំណត់ត្រាពីអតីតកាល ជាត្រីទឹកសាបដ៏ធំបំផុតនៅលើផែនដី។ ត្រីទឹកសាបត្រូវបានកំណត់ថា គឺជាប្រភេទត្រីដែលប្រើប្រាស់ ពេលវេលាពេញមួយជីវិត រស់នៅក្នុងទឹកសាប ដែលផ្ទុយពីប្រភេទសត្វសមុទ្រយក្ស ដូចជាត្រីធូណា និងត្រីម៉ាលីន ឬត្រីដែលធ្វើចរាចរផ្លាស់ទី រវាងទឹកសាប និងទឹកប្រៃ ដូចជាត្រី beluga sturgeon ដែលមានទំហំដងខ្លួនធំៗ ជាដើម។

ត្រីបបែលយក្ស ដែលបំបែកកំណត់ត្រានេះ មានប្រវែងជាង ជិត៤ម៉ែត្រ គឺវាស់ចាប់ពីចុងច្រមុះដល់កន្ទុយ។ វាត្រូវបានអ្នកនេសាទម្នាក់ចាប់បាន ស្ថិតនៅភាគខាងត្បូងក្រុងស្ទឹងត្រែង ក្នុងទន្លេមេគង្គ ដែលលាតសន្ធឹង និងហូរឆ្លងកាត់ភាគខាងជើងប្រទេសកម្ពុជា។ ដោយយល់ដឹងពីសារៈសំខាន់ របស់ត្រីបបែលយក្ស ដែលគាត់ចាប់បាននេះ អ្នកនេសាទបានទាក់ទងទៅក្រុមការងារស្រាវជ្រាវ របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលទទួលបានមូលនិធិ ពីទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជួយលែងត្រីបបែលយក្ស ដែលជាប្រភេទរងគ្រោះជិតផុតពូជ ត្រឡប់ចូលទៅក្នុងទន្លេវិញ។

ផ្ទាំងពាណិជ្ជកម្ម

លោកង្វៀន ហាន់ ( Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID/Cambodia បានថ្លែងថា៖ «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានបង្ហាញពីជោគជ័យនៃ គម្រោងអច្ឆរិយភាពនៃមេគង្គ ដែលគាំទ្រថវិកាដោយ USAID។ កម្ពុជា ទទួលបានពរជ័យជាជីវចម្រុះដ៏អស្ចារ្យ ហើយយើងពិតជាមានមោទកភាព ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការលើកកម្ពស់ការ គ្រប់គ្រងប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីដ៏សំខាន់របស់ទន្លេមេគង្គ»។

សម្រាប់លោក ហ្សេប ហូហ្គេន (Zeb Hogan) ជីវវិទូមច្ឆជាតិ នៅសកលវិទ្យាល័យ ណេវ៉ាដា នៃទីក្រុង រីណូ និងជាថ្នាក់ដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មានប្រសាសន៍ថា ការរកឃើញត្រីបបែលយក្សនេះ គឺជាភស្តុតាងដែលបង្ហាញថាពិភពធម្មជាតិ នៅតែអាចផ្តល់នូវរបកគំហើញថ្មី និងអស្ចារ្យ ហើយប្រភេទសត្វក្នុងទឹកដ៏ធំបំផុតជាច្រើន នៅតែមិនទាន់ត្រូវបានសិក្សា ស្វែងយល់គ្រប់គ្រាន់នៅឡើយ។

លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ បានឲ្យដឹងថា «ឥឡូវនេះ ក្រុមអ្នកនេសាទបានសហការ ជាមួយគម្រោងរបស់យើង នោះនៅពេលដែលពួកគាត់ ចាប់បានត្រីបបែលយក្ស ពួកយើងនឹងអាចបំពាក់ស្លាកសញ្ញាសម្គាល់ រួចលែងពួកវាវិញ។ ការលែងដោយជោគជ័យទាំងនេះ បានបង្ហាញពីសារៈសំខាន់ នៃភាពជាដៃគូររបស់យើង ជាមួយសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ យើងទាំងអស់គ្នា មានតួនាទីសំខាន់ក្នុងការតាមដាន និងអភិរក្សធនធានជលផល»៕

To Top