ព័ត៌មានជាតិ

ប.ស.ស. នឹងបង្កើនកិច្ចសហការ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយលើវិជ្ជាសង្រ្គោះបឋម ឲ្យបានកាន់តែទូលំទូលាយ

ភ្នំពេញ៖ ដោយមានកិច្ចសហការ យ៉ាងជិតស្និតជាមួយកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមលើកកម្ពស់ សុវត្ថិភាពដល់ជនរងគ្រោះ ក៏ដូចជាវិធីសាស្រ្ត ក្នុងការសង្រ្គោះបឋម​ ជួយសង្រ្គោះជីវិតមនុស្ស ក្នុងគ្រាមានឧប្បទ្ទវហេតុ ក្នុងប្រការណាមួយ មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានថ្លែងឲ្យដឹងថា ប.ស.ស. នឹងបង្កើនកិច្ចសហការ ជាមួយកាកបាទក្រហមកម្ពុជា បន្ថែមទៀត ក្នុងការជួយបង្កើនការផ្សព្វផ្សាយលើវិជ្ជាសង្រ្គោះបឋម ឲ្យបានកាន់តែទូលំទូលាយ ជូនដល់​តំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងបងប្អូនកម្មករនិយោជិត ក្នុងន័យបញ្ជ្រាបការយល់ដឹង ឲ្យកាន់តែស៊ីជម្រៅ និងច្បាស់លាស់ ក្នុងការជួយសង្គ្រោះជីវិតពេលជួបគ្រោះថ្នាក់ផ្សេងៗ។

ការថ្លែងឡើងរបស់លោក ហេង សុផាន់ណារិទ្ធបែបនេះ ថ្វើឡើងស្ថិតក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស.អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “វិជ្ជាសង្រ្គោះបឋម” ជូនដល់តំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះ

ផ្ទាំងពាណិជ្ជកម្ម

លោកអគ្គនាយករង បានថ្លែងឲ្យដឹងទៀតថា ៖ វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយ ដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ជាពិសេសកម្មករនិយោជិត ដែលរងគ្រោះថ្នាក់ផ្សេងៗ ដោយចៃដន្យមានដូចជា៖ ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និងគ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗទៀត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះ មិនបានត្រឹមត្រូវ ជាហេតុធ្វើឲ្យជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរ ឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹង ពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ។ 

សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលខាងលើរៀបចំឡើង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. រួមទាំងតំណាងកាកបាទក្រហមកម្ពុជា និងតំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន សរុបប្រមាណជាង ៥០នាក់ ៕

To Top