ព័ត៌មានជាតិ

មន្ទីរប្រឆាំងគ្រឿងញៀន ឲ្យពលរដ្ឋផ្តល់ព័ត៌មាន ពីការធ្វើអាជីវកម្ម និងប្រើប្រាស់បារីអេឡិចត្រូនិក ដោយសម្ងាត់

ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានស្នើឲ្យប្រជាពលរដ្ឋដែលបាន ដឹងពីព័ត៌មានពាក់ព័ន្ធ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងរាជធានីភ្នំពេញ ត្រូវរាយការណ៍មកកាន់ មន្ទីរដោយសម្ងាត់ ជៀសវាងការបង្ហោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ការស្នើសនេះ បន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្រោយ ទទួលបានព័ត៌មានខាងលើភ្លាម មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំង ជំនាញ ចុះទៅជ្រាវស្រាវ ដល់ទីតាំងដែលមានការលក់ដូរ និងអ្នកទិញប្រើប្រាស់បារី អេឡិចត្រូនិក (E-Cigarette) តែនៅពេលសមត្ថកិច្ច ចុះទៅស្រាវជ្រាវតាមជំនាញ មិនឃើញមានធ្វើសកម្មនោះទេ ដោយសារមុខសញ្ញា បានឃើញមានផ្សព្វផ្សាយព័ត៌មាន នៅលើបណ្តាញសង្គម។ នេះយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃ២២ មិថុនា។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា “ប្រសិនបើ មានឆន្ទៈចូលរួមបង្ការទប់ស្កាត់បទល្មើស នៅក្នុងសង្គម ជាពិសេសបទល្មើសគ្រឿងញៀន ពិតប្រាកដនោះ សូមមេត្តាសហការផ្តល់ព័ត៌មានមកយើងខ្ញុំ ជាសម្ងាត់សិន ដើម្បីយើងខ្ញុំមានភាពងាយស្រួល ប្រើប្រាស់វិធាការជំនាញ ដោយចុះស៊ើបជាសម្ងាត់ កុំទាន់ប្រញាប់ផ្សព្វផ្សាយជាសាធារណៈ ។ ដូចជាពាក្យស្លោក របស់សម្តេចក្រឡាហោ ស ខេង គឺ បីកុំ(កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) មួយរាយការណ៍ (ត្រូវរាយការណ៍ ផ្តល់ព័ត៌មានដល់ សមត្ថកិច្ចអំពីមុខសញ្ញាបទល្មើសគ្រឿងញៀន)” ។

ផ្ទាំងពាណិជ្ជកម្ម

សម្រាប់ការផ្តល់ព័ត៌មានជាសម្ងាត់នេះ តាមរយៈលេខទូរស័ព្ទ 011248888(Mobitel), 015222226 (Smart), 066661661(Metfone) ឬប្រអប់សំបុត្រអេឡិចត្រូនិច(E-Box) Page: Anti-drug Department ។

អង្គភាពមន្ទីរគ្រឿងញៀន នឹងចាត់វិធានការ ជំនាញបង្រ្កាបបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ហើយក៏ធានារក្សាការសម្ងាត់ចំពោះអ្នកបានចូលរួម សហការផ្តល់ព័ត៌មានជាក់លាក់ មកដល់សមត្ថកិច្ច ។ ទន្ទឹមនោះ គួរចៀសវាងធ្វើការផ្សព្វផ្សាយ ជាចំហរនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលនាំឲ្យមានហានិភ័យចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផង និងនាំឲ្យជនល្មើសដឹងខ្លួន ផ្អាកធ្វើសកម្មភាព ឬឆក់ឱកាសរត់គេចខ្លួន៕

To Top