ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ជម្រុញមន្ទីរ អង្គភាពពាក់ព័ន្ធ ពន្លឿនការងារ ឲ្យគ្រូបង្រៀន បានទទួលប្រាក់ ម៉ោងនៅចុងខែកក្កដា

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញ ដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ជួយរៀបចំឯកសារ ឲ្យបានរហ័ស ដើម្បីឲ្យគ្រូបង្រៀន ទទួលបានប្រាក់ម៉ោង យ៉ាងយូរនៅចុងខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ ។

លោកអភិបាលខេត្ត បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីបើកសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ឆ្នាំសិក្សា២០២០-២០២១ និងទិសដៅឆ្នាំសិក្សា២០២១-២០២២ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការផ្ទេរគ្រូបង្រៀនទៅគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ជន បទដាច់ស្រយាល ដែលជាគោលដៅ នៃការអប់រំ ក្នុងកម្រិតមួយ ដើម្បីលើកកម្ពស់ នូវធនធានមនុស្ស ។ ទន្ទឹមនឹងនេះ មន្ទីរអប់រំចាំបាច់ ត្រូវពិនិត្យពីលទ្ធភាព ដែលត្រូវដោះស្រាយ ជីវភាពដល់ គ្រូបង្រៀនផងដែរ ។

លោកអភិបាលខេត្តបានបន្តថា មួយរយៈកន្លងមកនេះ មានមតិយោបល់ពីគ្រូបង្រៀន នៅទីជនបទដាច់ស្រយាល បានស្នើសុំឱ្យអាជ្ញាធរ ជួយដោះស្រាយ បញ្ហាប្រាក់តំបន់ និងប្រាក់ម៉ោង ពិសេសគឺគ្រូជាប់កិច្ចសន្យាតែម្តង ។ ជាមួយគ្នានេះ ដំណោះស្រាយទាក់ទង ប្រាក់តំបន់ ត្រូវបានដោះស្រាយហើយ នៅឡើយប្រាក់ម៉ោងមិនទាន់បានដោះស្រាយ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា « ចំពោះប្រាក់ម៉ោង សម្រាប់គ្រូបង្រៀន ជាគោលការណ៍ អាចបើកបាននៅ ខែសីហា ឆ្នាំ២០២២ ។ ប៉ុន្តែដើម្បីលើកទឹកចិត្ត ដល់គ្រូបង្រៀនរបស់យើង សូមឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធជួយពន្លឿនការងារធ្វើយ៉ាងណា ឲ្យគ្រូបង្រៀនទទួលបានប្រាក់ម៉ោង នៅចុងខៃកក្កដា ឆ្នាំ២០២២ នេះឲ្យខាងតែបាន » ។

ក្នុងឱកាសនោះដែ ដើម្បីឱ្យវិស័យអប់រំកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ លោក អ៊ុន ចាន់ដា មានសំណូមពរមួយចំនួន ដូចខាងក្រោមនេះ ៖

ទី១ ៖ ត្រូវលើកកម្ពស់ថែមទៀត នូវគុណភាពអប់រំ នៅគ្រប់ភូមិសិក្សាដោយយកចិត្តទុកដាក់ជាពិសេស ការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាល យុវវ័យជំនាន់ក្រោយ ប្រកបដោយសមត្ថភាព រីកចម្រើនលើគ្រប់ផ្នែក គឺផ្នែកចំណេះដឹង ចំណេះធ្វើ ផ្នែកជំនាញ បច្ចេកទេស ផ្នែកគុណធម៌ ចរិយាធម៌ និងសុខមាលភាព ដែលជាល័ក្ខខ័ណ្ឌចាំបាច់ សម្រាប់ជីវភាពរស់នៅពិតប្រាកដ នៅក្នុងសង្គមជាតិយើង។

ទី២ ៖ ត្រូវពង្រឹង និងពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ក្នុងការប្រមូល កុមារដល់វ័យសិក្សាឱ្យចូលរៀន ជាពិសេសកុមារី កុមារជួបការលំបាក និងកុមារជនជាតិភាគតិច និងកុមារពិការឱ្យមានឱកាស និងមានសំណាងស្មើៗគ្នា បានចូលរៀនគ្រប់ៗគ្នានៅបឋមសិក្សា និងមធ្យមសិក្សា ដើម្បីឆ្ពោះទៅរកការអនុវត្តកាតព្វកិច្ចសិក្សា ០៩ឆ្នាំ ការអប់រំមូលដ្ឋានទាំងអស់គ្នា ពិសេសនៅមត្តេយ្យសិក្សាឱ្យបានខ្ពស់ជាងនេះទៀត។

ទី៣ ៖ ត្រូវពង្រីកសាលាកុមារមេត្រី ដែលកំពុងមានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិឱ្យបានគ្រប់ភូមិសិក្សា នៃសាលារៀនទូទាំងខេត្ត។

ទី៤ ៖ បន្តការលើកកម្ពស់ សមត្ថភាពគ្រូបង្រៀន ពង្រឹងការងារ គ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់ នឹងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បន្តវេន និងការពង្រាយគ្រូទៅកន្លែងដែលខ្វះគ្រូឱ្យបានសមស្រប។

ទី៥ ៖ បន្តថែទាំកែលម្អ ជួសជុលអគារសិក្សាមូលដ្ឋាន សម្ភារបរិក្ខារដែលមានស្រាប់ និងសាងសង់ថ្មីបន្ថែម ពិសេសគឺការរៀបចំបរិសា្ថនសាលារៀន ថ្នាក់រៀន ឱ្យទៅជាទីកន្លែងមេត្រី សម្រាប់សិស្សានុសិស្ស។

ទី៦ ៖ ចំពោះថវិកាកម្មវិធី សូមប្រើប្រាស់ថវិកានេះឱ្យចំទិស តម្លាភាព គណនេយ្យភាព និងចៀសវាងភាពអសកម្មផ្សេងៗ។

ទី៧ ៖ ពង្រឹង និងពង្រីកបន្ថែមទៀត ទំនាក់ទំនងអន្តរជាតិ ដើម្បីប្រមូលធនធានជួយអភិវឌ្ឍវិស័យអប់រំកាន់តែ មានភាពរីកចម្រើនឈានឡើង មួយកម្រិតថែមទៀត។

ទី៨ ៖ សូមលោកនាយក លោកស្រីនាយិកា មាតា បិតា អាណាព្យាបាលទាំងអស់ ត្រូវតែខិតខំអប់រំណែនាំដល់សិស្សានុសិស្ស និងកូនរបស់ខ្លួន ឱ្យគោរពវិន័យសាលា វិន័យគ្រួសារ និងច្បាប់របស់សង្គមជាតិយើងឱ្យបានខ្ជាប់ខ្ជួន កុំឱ្យដើរលេងផ្តេសផ្តាសគេចសាលា មិនចូលផ្ទះ និងទៅប្រព្រឹត្តអំពើពាលាជាដើម ។ល។ ៕

To Top