ព័ត៌មានជាតិ

សម្ដេច ស ខេង សន្និដ្ឋានថា ក្រោយបោះឆ្នោតពលរដ្ឋខ្មែរ មានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្លងតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតឃុំ សង្កាត់ លើកចុងក្រោយនេះសន្និដ្ឋានបានថា ប្រជាពលរដ្ឋកម្ពុជា មានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹកឡើយ។

ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានចាត់ទុកបរិយាកាសនយោបាយ នៃការបោះឆ្នោតឃុំ សង្កាត នេះថា «ជាវប្បធម៌ថ្មីមួយ នៃជនជាតិកម្ពុជារបស់យើង ជនជាតិខ្មែររបស់យើង ដែលទើបតែបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែគំនុំសងសឹកត្រូវបានលុបបំបាត់ជាបណ្តើរៗ។ ឆ្លងតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោត លើកចុងក្រោយនេះ យើងសន្និដ្ឋានថា ប្រជាពលរដ្ឋកម្ពុជា មានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក»។

សម្ដេច បានបន្ថែមថា កត្តាសុខសន្តិភាព ស្ថេរភាពសព្វថ្ងៃ គឺជាក្ដីសង្ឃឹម ដែលបង្ហាញពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋថា នឹងកាន់តែល្អប្រសើរនាពេលអនាគត ពីព្រោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ មានគោលបំណងធ្វើយ៉ាងណា ឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាព គ្មានសង្គ្រាម គ្មានកាប់សម្លាប់ គ្មានតំបន់អប្បគមន៍ ឬក៏មានកម្លាំងឧទ្ទាមក្រៅច្បាប់ គឺមានតែគណបក្សនយោបាយ ដែលប្រកួតប្រជែងគ្នា ដើម្បីឡើងកាន់អំណាច តាមបែបប្រជាធិបតេយ្យ។

សម្ដេច បញ្ជាក់ទៀតថា «បោះឆ្នោតហើយ យើងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ គោរពការសម្រេចចិត្តរបស់ពលរដ្ឋ សំឡេងភាគច្រើនដែលបោះ ឲ្យបក្សណាមួយឈ្នះឆ្នោត។ ឥលូវគណបក្សយើងឈ្នះឆ្នោត ឆន្ទៈប្រជាពលរដ្ឋគាំទ្រ គណបក្សយើង អ៊ីចឹងអ្នកដែលមិនឈ្នះឆ្នោត ឬសំឡេងភាគតិច ក្នុងក្រុមប្រឹក្សាត្រូវតែឱ្យតម្លៃ គោរពគោរពឆន្ទៈប្រជាពលរដ្ឋ»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានសង្ឃឹមថា នៅពេលបោះឆ្នោតខាងមុខនេះ នឹងធ្វើបានល្អដូចការបោះឆ្នោតឃុំ សង្កាត់ដែរ។ បើធ្វើបានដូចការបោះឆ្នោតនេះ កិត្យានុភាពលើឆាកអន្តរជាតិរបស់កម្ពុជា នឹងកាន់តែត្រូវបានលើកកម្ពស់៕

To Top