នយោបាយ

បក្សកុម្មុយនីស្ត វៀតណាម អបអរសាទរ ខួប៧១ឆ្នាំ ថ្ងៃបង្កើតបក្ស ប្រជាជនកម្ពុជា និងជ័យជម្នះ លើការបោះឆ្នោតឃុំ-សង្កាត់

ភ្នំពេញ៖ លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម បានទូរស័ព្ទមកសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត ក៏ដូចជាជ័យជម្នះ របស់បក្សប្រជាជន ក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ។

នាព្រឹកថ្ងៃទី២៧ មិថុនានេះលោក ង្វៀន ភូជុង បានទូរស័ព្ទដោយផ្ទាល់ មកកាន់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីជូនពរដោយផ្ទាល់ ការអបអរសាទរខួប ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា២០២២) ខណៈបក្សនឹងប្រារព្ធធ្វើឡើង នៅថ្ងៃស្អែកនេះ នៅស្នាក់ការផ្ទាល់តែម្តង ។

ជាមួយគ្នានេះ លោក ង្វៀន ភូជុង បានសំដែងនូវអំណរ សាទរ ជូនចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ លើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ និយាយជារួម និងនិយាយដោយឡែកសូមសំដែង នូវការអបអរសាទរ ជូនគណបក្ស ប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ ដ៏លើសលុប ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅថ្មីៗនេះ ។

ក្នុងកិច្ចសន្ទនាគ្នានោះដែរលោក ង្វៀន ភូជុង បានអបអរសាទរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ដែលបានប្រារព្វខួប៤៥ឆ្នាំ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២) នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ កោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានសំដែង នូវការអបអរសាទរ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំបញ្ជាគ្រប់គ្រង ការរីករាលដាល នៃជំងឺកូវីដ១៩ ដំណើរការ នៃការបើកប្រទេសឡើងវិញ ការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប សម្តេចតេជោ មានប្រសាសន៍ថ្លែងអំណរគុណ លោក ង្វៀន ភូជុង បានទូរស័ព្ទទំនាក់ទំនង ដោយផ្ទាល់មកកាន់រូបសម្តេច ពិសេសការចូលរួម អបអរសាទរ ខួប៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា និងអបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ផង ។

តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោក៏បានសំដែង ការអបអរសាទរ ចំពោះរដ្ឋាភិបាលវៀតណាម បានចាត់វិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ យ៉ាងជោគជ័យធ្វើឲ្យវៀតណាមវិលមកប្រក្រតីភាពឡើងវិញ និងទទួលបានជោគជ័យ លើវិស័យសេដ្ឋកិច្ច សង្គម ការបើកសេដ្ឋកិច្ចឡើងវិញ និងរក្សាបាននូវគំណើនសេដ្ឋកិច្ចគួរឲ្យកត់សំគាល់ ។ នៅក្នុងកិច្ចសន្ទនា ដែលបានចំណាយពេលប្រមាណជាង ៣០នាទី សម្តេចតេជោ និងលោក ង្វៀន ភូជុង បានឯកភាពគ្នាបន្តជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត ។

សូមរំលឹកថា បើតាមលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ដែល គ.ជ.ប ប្រកាសកាលពីថ្ងៃទី២៦ មិថុនា បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩,៣៧៦អាសនៈ, គណបក្សភ្លើងទៀន ទទួលបាន ២១៩៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩អាសនៈ, គណបក្សខ្មែររួបរួមជាតិទទួលបាន ១៣អាសនៈ, គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន ៦អាសនៈ, គណបក្សខ្មែរស្រលាញ់ជាតិទទួលបាន ៥អាសនៈ, គណបក្សយុវជន កម្ពុជាទទួលបាន ៣អាសនៈ, គណបក្សកម្ពុជានិយមទទួលបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ទទួលបាន១អាសនៈ ៕

To Top