នយោបាយ

សម្ដេចតេជោ ប្រកាសពីជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ និង ទទូចឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសជំរុញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសពីភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយ សម្ដេចក៏ទទូចឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ទោះបីស្ថានភាពជំងឺកូវីដ នៅកម្ពុជា ធូរស្បើយក៏ដោយ។

តាមរយៈសារសំឡេង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ពេលនេះមានរយៈពេល ៥១ថ្ងៃហើយ កម្ពុជា ពុំមានការឆ្លងជំងឺកូវីដ-១៩។
សម្ដេច ថា ជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺផ្ដើមចេញនៃការរួបរួមគ្នា របស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ដេច បញ្ជាក់ថា «នេះជាជោគជ័យមួយ ក្នុងចំណោមជោគជ័យ ដែលព្រះរាជាណាចក្រកម្ពុជា យើងទទួលបាន អ្វីដែលសំខាន់នោះ យើងបានទប់ស្កាត់ មិនឲ្យមានមនុស្សស្លាប់ដោយសារកូវីដ អស់រយៈពេលជាច្រើន ខែមកហើយ ចុងក្រោយនេះយើង ក៏បានរួមគ្នាទប់ស្កាត់ មិនឲ្យមានការឆ្លងរាលដាល នៃកូវីដ តទៅទៀត ដែលយើងអាចនិយាយបានថា សូន្យកូវីដ រយៈពេល ៥១ថ្ងៃ កន្លងផុតទៅហើយ»។

សម្ដេចតេជោ បន្ដថា នាពេលបច្ចុប្បន្ននេះអ្នកចាក់វ៉ាក់សាំងដូសទី៣ បានជាង ៩លាននាក់ បើប្រៀបធ្រៀបជាមួយប្រជាពលរដ្ឋ ១៥លាននាក់ ត្រូវទទួលដូសទី៣។ សម្ដេច ថា នៅសល់ប្រជាពលរដ្ឋជាង ៥លាននាក់ទៀត មិនទាន់មកទទួលវ៉ាក់សាំងដូសទី៣ ខណៈដូសទី៤ បានជាង ២លាននាក់ ហើយដូសទី៥បានជាង ២០ម៉ឺននាក់។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «សូមជនរួមជាតិទៅទទួលដូសទី៣ ដែលប្រជាពលរដ្ឋរបស់យើងមិនទាន់បានទទួលនៅឡើយ ដែលជាចន្លោះប្រហោងសម្រាប់ការវាយលុក នៃកូវីដ-១៩ សម្រាប់អ្នកមិនទាន់បានដូសទី៣ ដែលជាការធនាភាពស៊ាំក្នុងសហគមន៍ និងភាពស៊ាំសម្រាប់បុគ្គលម្នាក់ៗ»។

សម្ដេចតេជោ បន្ថែមថា ទោះបីជំងឺកូវីដ-១៩ មិនមានឆ្លងនៅកម្ពុជា ក៏ដោយ ប៉ុន្ដែ កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយឡើយ ។ សម្ដេច ទទូច ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសទី៣ ដើម្បីធានាភាពស៊ាំក្នុងសហគមន៍។ លើសពីនេះ សម្ដេច ក៏បានណែនាំអាជ្ញាធររាជធានី-ខេត្ត រៀបចំទីតាំង ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងបង្កើតក្រុមការងារ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមភូមិរបស់ប្រជាពលរដ្ឋ ដែលពួកគាត់មិនមានលទ្ធភាពមកចាក់វ៉ាក់សាំងផងដែរ។

សម្ដេចតេជោ ក៏បានណែនាំបន្ថែមដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាអំពីទីតាំងដែលពលរដ្ឋភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ដើម្បីងាយស្រួលរៀបចំទីតាំងចាក់វ៉ាក់សាំង។ សម្ដេច ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ថា «ការចាក់វ៉ាក់សាំងចំនួន ២ដូស គឺគ្រប់គ្រាន់ នេះការភាន់ច្រឡំដ៏ធំ ដែលអាចបង្កហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ខ្លួនប្រទេសជាតិ និងគ្រួសារនាពេលខាងមុខ»។

សម្ដេចតេជោ បន្ថែមថា បើសិនមានការវាយលុកជាថ្មីនៃជំងឺកូវីដ១៩ ប្រាកដណាស់គឺឆ្ពោះទៅរកអ្នកមិនទាន់ចាក់វ៉ាក់សាំងគ្រប់គ្រាន់៕

To Top