ព័ត៌មានជាតិ

សម្ដេចតេជោ ៖ រាល់សមិទ្ធផលបក្សប្រជាជន សម្រេចជូនជាតិ៤៣ឆ្នាំមកនេះ គឺមានការគាំទ្រពីពលរដ្ឋ និងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាល់សមិទ្ធផលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិក្នុងរយៈពេល៤៣ឆ្នាំ មកនេះ គឺអាស្រ័យដោយគណបក្ស មានភាពត្រឹមត្រូវ ខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន និងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ។

ក្នុងពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្ន ប្រជាជនកម្ពុជា កំពុងរស់នៅប្រកបដោយ ភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។

សម្ដេចបន្ដថា សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឲ្យតែមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។

សម្ដេចបញ្ជាក់ថា «និយាយរួមមករាល់សមិទ្ធផលដែលគណបក្សបានសម្រេចជូនជាតិ ក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយ គុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ»។

សម្ដេចបន្ថែមថា ប៉ុន្ដែក្នុងដំណើរទៅមុខទៀត ក៏មិនត្រូវភ្លេចសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិបានជួបប្រទះពីអតីតកាលនោះឡើយ។ លើមូលដ្ឋាននេះ ត្រូវរួបរួមគ្នាក្នុងធ្លុង សាមគ្គីជាតិតែមួយ ដើម្បីរក្សាឲ្យបានសមិទ្ធផលធំៗ សម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។ ក្នុងន័យនេះ គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រមនានានៃការកែ ទម្រង់របស់គណបក្ស ដើម្បីធ្វើឲ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច៕

To Top