ព័ត៌មានជាតិ

ជនសង្ស័យប្រុស-ស្រី ៣នាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការក្លែងឯកសារ និងឆបោកលុយ ៣៥០០០ដុល្លារ ពីធនាគារ

ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី ចំនួន ៣នាក់ នៅព្រឹកថ្ងៃ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងការ ក្លែងឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង និង ឆបោកប្រាក់ ពីធនាគារឯកជនមួយកន្លែង ដែលមានទឹកប្រាក់ ប្រមាណ ៣៥០០០ ដុល្លារអាមេរិក ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីឆ្នាំ មុខ។

យោងតាមរបាយការណ៍របសកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ ខាងលើនេះ មានឈ្មោះ ៖ ទី ១- ឈ្មោះ សង វ៉ាន់ដេត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៦A ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី ២- ឈ្មោះ អុល មិថុនា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ទួល ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ និង ទី ៣-ឈ្មោះ ជុំ ឆេងលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនត្រូវចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ក្លែងឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែង, ឆបោកជាប្រព័ន្ធ និងសំអាតប្រាក់ ” ។

ជនត្រូវចោទទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់មេធាវី តំណាងឱ្យធនាគារ ជាភាគីដើមបណ្ដឹង ដែលពួកគេបានឆបោក តាមរូបភាពក្លែងឯកសារសាធាណ: និង ការប្រើប្រាស់ឯកសារក្លែង ដែលមានទឹកប្រាក់ ប្រមាណ ៣៥០០០ ដុល្លារអាមេរិក កាលពីឆ្នាំ២០២១៕

ដោយ: លីហ្សា

To Top