ព័ត៌មានជាតិ

ជម្រះអតីតមន្ត្រីនៃ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពាក់ព័ន្ធបទល្មើសពុករលួយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២២ បានបើកសវនារ ជំនុំជម្រះ យុវជនជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ម្នាក់ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ពុករលួយ តាមរូបភាព យកតួនាទីរបស់ខ្លួន ទៅជម្រិតទារប្រាក់ ពី អ្នកដែលដាក់ពាក្យបណ្តឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុក ដើម្បីសុំអន្តរាគមន៍ ជាថ្នូរនឹងការចាត់ លើពាក្យបណ្តឹង បានលឿន ឬ បានឆាប់ ឬ មិនចាត់ការនូវ ពាក្យបណ្តឹង ចំពោះ អ្នកដែលត្រូវបានគេប្តឹង ទៅ អង្គភាពប្រឆាំងអំពើពុករលួយ ប្រព្រឹត្តកាលអំឡុង ឆ្នាំ ២០២១។

លោកសុង ប៊ុណ្ណារិទ្ធិ ជាចៅក្រមជំនុំជម្រះ បានថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មានមុខរបរ មុនចាប់ឃាត់ខ្លួន ជាមន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទូច ទិត្យវឌ្ឍនា ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ«វិតិក្រម» តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។ ( នឹងអាចប្រឈមនឹងជាប់គុក ចន្លោះ ពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព ដូចការចោទ ប្រកាន់)។

ជនជាប់ចោទ ឈ្មោះ ទូច ទិត្យវឌ្ឍនា ត្រូវាបានចាប់ឃាត់ខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៤ ខែ កក្កដា ខាងមុខនេះ។

គួររំលឹកថា ពាក់ព័ន្ធនឹងការចាប់ខ្លួន ជនជាប់ចោទខាងលើនេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួន និងបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូនសាធារណជន នឹងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយ របស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាតក្នុងមាត្រា ៥៩២ (បទវិតិក្រម) នៃក្រមព្រហ្មទណ្ឌ នឹងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

អង្គភាពប្រឆាំងអំពើពុករលួយ សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើ ប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវ ទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន ខុសច្បាប់ ហើយពេល ដែលខ្លួនត្រូវបញ្ឍរជើង ផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឍប់ សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង ។

អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានមកអង្គភាព ប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិល ខូចណាម្នាក់ អះអាងថាខ្លួនអាចប្រើប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី ACU ដើម្បីជួយសម្រួលដល់កិច្ចការ ល្មើសច្បាប់ណាមួយ៕

សេចក្ដីប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក្រុមស៊ើបអង្កេតផ្ទៃក្នុងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រមូលព័ត៌មាន ភស្តុតាងជាបន្តបន្ទាប់ ព្រមទាំងស្ដាប់ចម្លើយរបស់ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ២៧ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្ដរជាតិ រួចមក អង្គភាពនេះរកឃើញថា បុគ្គលឈ្មោះ ទូច ទិត្យវឌ្ឍនា ជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយដែលប្បញ្ញតក្នុងមាត្រា៥៩២ ឬបទវិតិក្រម នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕

ដោយ: លីហ្សា

To Top