ព័ត៌មានជាតិ

កម្ពុជា ជាប់លំដាប់ថ្នាក់លេខ២៨/១២២ នៃការបរិច្ចាគ កងកម្លាំងថែរក្សាសន្តិភាព នៅបណ្តាប្រទេសនានា ក្នុងពិភពលោក (Video)

ភ្នំពេញ ៖ ផ្អែកតាមការវាយតម្លៃ របស់អង្គការសហប្រជាជាតិ នាចុងឆ្នាំ២០២១ កម្ពុជា ទទួលបានលំដាប់លេខ២៨ ក្នុងចំណោម១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ខណៈការចូលរួម របស់នារី ទទួលបានលំដាប់ លេខ១៣/១២២ នៃប្រទេសបរិច្ចាគ កងកម្លាំងសម្រាប់ការថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោក ។ នេះយោងតាមលទ្ធផល កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងលើកទិសដៅ អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ របស់ក្រសួងការពារជាតិ នាថ្ងៃ២៩ មិថុនា ។

លទ្ធផលនៃកិច្ចប្រជុំបង្ហាញ បន្តទៀតថា ចំណែកនៅក្នុងសហគមន៍អាស៊ានកម្ពុជា ទទួលបានលំដាប់លេខ៣ ឯការចូលរួមរបស់នារី បន្តទទួលបានលំដាប់លេខ២ ។

ចំពោះការបំពេញ បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗ ដែលមានការទទួលស្គាល់ពី មន្ត្រី UN នានា នៅក្នុងតំបន់បេសកកម្ម។

ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្តេជ្ញាបន្តបញ្ជូន កម្លាំង កងយោធពលខេមរភូមិន្ទ ទៅចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការ សហប្រជាជាតិ និងជំរុញយោធិននារី ចូលរួមឲ្យបានពី ១៥% ទៅ ២០%៕

To Top