នយោបាយ

លោក កឹម សុខា មិនត្រូវបានចាប់ខ្លួនទេ តែរងការព្រមានពីតុលាការ

ភ្នំពេញ ៖ ក្រោយមានការផ្អើលថា ព្រះរាជអាជ្ញាស្នើតុលាការ ឲ្យចាប់ខ្លួនលោក កឹម សុខានោះ លទ្ធផលបង្ហាញ ជាផ្លូវការហើយ គឺមិនមានការចាប់ឃុំខ្លួននោះទេ គ្រាន់តែលោករងការព្រមានពីតុលាការ មិនឲ្យធ្វើសកម្មភាពណាមួយក្នុ ងពេលជាប់បម្រាមនយោបាយ។

លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ២៩ មិថុនា ក្នុងពេលលោក កឹម សុខា បានចេញពីសវនាការលើកទី៤៧ថា លោក កឹម សុខា មិនត្រូវបានចាប់ខ្លួនទេ ។

លោកបញ្ជាក់ថា “តុលាការគ្រាន់ តែសម្រេចព្រមានឯកឧត្តមកឹម សុខា កុំឲ្យធ្វើសកម្មភាពអ្វីទៀត។ ចៅក្រមបានលើកហេតុផលថា រាល់សកម្មភាពទាំងអស់ ដែលគាត់បានធ្វើក្នុងបរិបថ បទចោទ ប្រកាន់គាត់ហ្នឹង ចាត់ទុកជារឿងនយោបាយ ។ គ្រាន់តែជាការព្រមានកត់ ចូលកំណត់ហេតុ របស់តុលាការ ។ ឥឡូវគាត់ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ មកកាន់គេហដ្ឋានវិញហើយ” ។

ផ្ទាំងពាណិជ្ជកម្ម

នៅម៉ោងប្រមាណជាជាង១១ព្រឹកថ្ងៃ២៩ នេះ កូនស្រីទាំង២ និងមនុស្សស្និតស្នាល របស់លោក កឹម សុខា បានបង្ហោះសារព្រោងព្រាត លើបណ្តាញសង្គមហ្វេសប៊ុក ថា ព្រះរាជអាជ្ញាកំពុងស្នើតុលាការឲ្យចាប់ខ្លួនលោក កឹម សុខា ក្នុងខណៈលោកកំពុងនៅក្នុង សវនាការតុលាការភ្នំពេញ ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច របស់កម្ពុជាប្រមាណជា១០០នាក់ ចុះទៅចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋាន របស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ សហការជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្អែកទៅលើវីដេអូឃ្លីប លោកនិយាយទៅកាន់ អ្នកគាំទ្រនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣។ បន្ទាប់មក បាននាំទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។

គិតមកដល់ថ្ងៃ២៩ មិថុនា នេះ នៅសល់តែជាង២ខែទៀតប៉ុណ្តោះ នឹងដល់គម្រប់ខួប៥ឆ្នាំ (ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧-ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២) នៃការចាប់ខ្លួនលោក កឹម សុខា ៕

To Top