ព័ត៌មានជាតិ

អង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការអនុវត្តគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា ជាមួយ ប.ស.ស. កម្ពុជា

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំដំបូង និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពី “ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទា រយៈពេល ៣ឆ្នាំ” រវាង ប.ស.ស. កម្ពុជា និងអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃប្រទេសកូរ៉េ (K-COMWEL) នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា នេះមិនមែនជាលើកដំបូងនោះទេ ដែល ប.ស.ស. កម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉។

ប.ស.ស. ធ្លាប់បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីវិស័យធានារ៉ាប់រងការងារអង្គភាព COMWEL ចាប់តាំងពីឆ្នាំ២០១០ មកម្ល៉េះ ហើយអាចនិយាយបានថា ថ្ងៃនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយទៀត ដែល ប.ស.ស. និងអង្គភាព COMWEL នឹងធ្វើការជាមួយគ្នា ក្នុងការអនុវត្តលើគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា ដែលគម្រោងនេះ មានរយៈពេល ៣ឆ្នាំ។

លោកអគ្គនាយក បានថ្លែងបញ្ជាក់ទៀតថា៖ ការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទារយៈពេល ៣ឆ្នាំ រវាង ប.ស.ស. កម្ពុជា និងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ នាពេលនេះ គឺជាផ្នែកដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់ផលិតភាពកំលាំងពលកម្ម កាត់បន្ថយភាពក្រីក្រ ដោយសារគ្រោះថ្នាក់ការងារ និងអាចពង្រឹងគុណភាពជីវិត ដោយផ្តល់នូវសេវាស្តារនីតិសម្បទា ពិសេសនឹងជួយឲ្យការផ្តល់សេវាស្តារនីតិសម្បទាររបស់ ប.ស.ស. ទៅកាន់សមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

លោកអគ្គនាយក បានសង្កត់ធ្ងន់ទៀតថា ៖ ការអនុវត្តការងារពាក់ព័ន្ធ ទៅនឹងសេវាស្តារនីតិសម្បទាជូនសមាជិក ប.ស.ស. ដែលមានពិការភាព នាពេលកន្លងមក ប.ស.ស. បានផ្តល់សេវាស្ដារនីតសម្បទា ទៅលើផ្នែកសំខាន់ៗចំនួន ៣ ដែលក្នុងនោះរួមមាន (១) សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ (២) សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និង (៣) សេវាស្ដារនីតិសម្បទាផ្នែកសង្គម។

កិច្ចសហប្រតិបត្តិការរវាង ប.ស.ស. កម្ពុជា និងអង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ នាពេលនេះដែរ គឺពិតជាអាចរួមចំណែក ក្នុងការជួយដោះស្រាយនូវបញ្ហាប្រឈមនានារបស់ ប.ស.ស. ហើយការអនុវត្តគម្រោង ជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទារយៈពេល ៣ឆ្នាំនេះ នឹងអាចកសាងបាន នូវផែនការមេ ទៅលើផ្នែកស្តារនីតិសម្បទា ដែលជាផែនទីបង្ហាញផ្លូវ ដោយផ្ដោតសំខាន់ ទៅលើគោលដៅចំនួន ៥ ដែលរួមមាន (១)បង្កើតប្រព័ន្ធស្តារនីសម្បទា ផ្នែកគ្រោះថ្នាក់ការងារសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមច្បាប់ ស្តីរបបសន្តិសុខសង្គម (២) ធ្វើឲ្យកាន់តែប្រសើរនូវនីតិវិធី និងនីត្យានុកូលភាព សម្រាប់អនុវត្តន៍ (៣) បណ្តុះបណ្តាលផ្នែកសម្របសម្រួលការងារ ផ្នែកគ្រប់គ្រងករណី ផ្នែកប្រឹក្សាយោបល់ ចិត្តសាស្ត្រសង្គម និងផ្នែកផ្តល់សេវា (៤) សិក្សាសមិទ្ធិលិទ្ធភាព ក្នុងការបង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទាវេជ្ជសាស្ត្រ និង (៥) សិក្សាសមិទ្ធិលិទ្ធភាពនក្នុងការពង្រីកសេវាស្តារនីតិសម្បទាថ្មី។

ផ្ទាំងពាណិជ្ជកម្ម

លោកអគ្គនាយក ប.ស.ស. ក៏បានសម្ដែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉ សម្រាប់បេសកកម្មរយៈពេល ៣ថ្ងៃ នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទានៅកម្ពុជា ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ឆ្ពោះទៅរកការកសាង ផែនការមេរយៈពេល ៥ឆ្នាំរបស់ ប.ស.ស.។

គួររំលឹកថា៖ ទំនាក់ទំនងការទូតទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ គឺបន្ទាប់ពីមានដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ១៩៩៦។

ក្នុងឱកាសជាមួយគ្នានេះផងដែរ លោក Yongwan Kim នាយកវិទ្យាស្ថានស្រាវជ្រាវ សុខុមាលភាពការងារ តំណាងលោក Kang Soonhie ប្រធានអង្គភាព COMWEL  បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំនៃ ប.ស.ស. កម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ល្អប្រសើរ ក្នុងការអនុវត្តរួមគ្នា ទៅលើកិច្ចការងារមួយចំនួន នាពេលកន្លងមកនេះ។

លោក Yongwan Kim បានថ្លែងទៀតថា ៖ ក្នុងនាមអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (K-COMWEL) នៃសាធារណរដ្ឋកូរ៉ នៅតែបន្តកិច្ចសហការ ក្នុងការអនុវត្ត គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទាជាមួយ ប.ស.ស. កម្ពុជា ក្នុងន័យរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំ និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងថ្នាក់ដឹកនាំ តំណាងអង្គភាព  COMWEL នៃសាធារណរដ្ឋកូរ៉េ សរុបប្រមាណជាង៥០រូប៕

To Top