នយោបាយ

អតីតទូតជប៉ុន ៖ កម្ពុជា ពិតជារីកចម្រើន និងអភិវឌ្ឍន៍យ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០០៣

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សារងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ បានថ្លែងការកោតសរសើរកម្ពុជាថា ពិតជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងខ្លាំង បើធៀបទៅនឹង កាលពីឆ្នាំ២០០៣ ក្នុងពេលដែលរូបលោក បញ្ចប់អាណត្តិ បេសកកម្មការទូត និងចាកចេញពីកម្ពុជា ។

លោកបន្ដថា កន្លងមក លោកធ្លាប់តែបានលឺរាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញ ភាពខុសប្លែក ភាពរីកចំរើន ការរីកដុះដាល នៃសំណង់អគារថ្មីៗ និងខ្ពស់ៗនៅកម្ពុជា ។ លោកបញ្ជាក់ថា «ជាក់ ននឹងភ្នែក កម្ពុជា ពិតជាមានការរីកចំរើន មានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំ២០០៣ ក្នុងពេលដែលបញ្ចប់អាណត្តិ បេសកកម្មការទូត និងចាកចេញពីកម្ពុជា»។

អតីតទូតជប៉ុន ក៏អបអរសាទរសម្ដេចតេជោ ចំពោះការអភិវឌ្ឍរីកចម្រើនទាំងអស់នោះ ដែលជាលទ្ធផល នៃការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេច ។ លោកថា បើទោះបីជារូបលោក បញ្ចប់បេសកកម្មការទូត និងចាកចេញពីកម្ពុជា ក៏ពិតមែន ប៉ុន្តែបេះដូងរបស់លោកនៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាអាទិ៍នៅពេលនេះ លោកកំពុងតែចូលរួមចំណែក ជួយដល់កម្ពុជាលើវិស័យទី១-ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាល ផ្នែកភាសា ផ្នែកស្រាវជ្រាវ និង ផ្នែកវប្បធម៌ , ទី២-ផ្នែកច្បាប់ និងទី៣-លើវិស័យកីឡាយូដូដែលនឹងជួយកម្ពុជា សំរាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ផ្ទាំងពាណិជ្ជកម្ម

ជាការឆ្លើយតប សម្តេចតេជោថ្លែងអំណរគុណ លោក Gotaro OGAWA បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនង នៃប្រទេសទាំងពីរផង និងការអភិវឌ្ឍ កម្ពុជាផង ហើយនៅពេលនេះ បន្តជួយកម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាល ធនធានមនុស្ស ជាអាទិភាពរបស់កម្ពុជា។

ក្នុងជំនួបគ្នានោះផងដែរ សម្តេចតេជោ បានស្នើសុំ លោក Gotaro OGAWA ជួយកម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណា ឲ្យកម្ពុជាមានសមត្ថភាព គ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមខាងមុខ៕

To Top