ព័ត៌មានជាតិ

អាស៊ាន ប្រគល់វ៉ាក់សាំង កូវីដ ២លានដូស ដល់មីយ៉ាន់ម៉ា, លោក ប្រាក់ សុខុន ថាជំនួយមនុស្សធម៌ មិនគួរត្រូវបានលាបពណ៌

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៣០ មិថុនានេះលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង ជាប្រេសិតពិសេស នៃប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា បានថ្លែងថា ជំនួយមនុស្សធម៌ ទៅកាន់ប្រជាជន មីយ៉ាន់ម៉ា មិនគួរត្រូវបានលាបពណ៌អ្វីឡើយ ។

នៅក្រោមផ្នែកមួយនៃ ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ានដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ សុខុន និងលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់លោក ដាតុ លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយ មនុស្សធម៌ របស់អាស៊ាន (SG-AHAC) ព្រមទាំងលោក ឆិន ហៃ ឯកអគ្គរដ្ឋទូតចិនប្រចាំមីយ៉ាន់ម៉ា នាថ្ងៃទី៣០ មិថុនានេះ បានចូលរួមប្រគល់អំណោយ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់ អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន ។

វ៉ាក់សាំង ២លានដូស នឹងត្រូវចាក់ជូន ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខណ្ឌ ចាក់វ៉ាក់សាំងរួមគ្នា របស់ក្រសួងសុខាភិបាល និងដៃគូដែលត្រូវបានផ្តួចផ្តើមឡើង ដោយកម្ពុជា ព្រមទាំងត្រូវបានអនុម័ត នៅក្នុងកិច្ចពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌ របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ ។ សេចក្តីលម្អិតនៃការផ្តល់ និង ការគ្រប់គ្រងវ៉ាក់សាំងនេះ នឹងត្រូវបានកំណត់ នៅពេលក្រោយ ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) លេខាធិការដ្ឋាន អាស៊ាន ក្រសួងសុខាភិបាល មីយ៉ាន់ម៉ា រដ្ឋាភិបាលចិន និងដៃគូពាក់ព័ន្ធ ដោយគ្មានភាពលំអៀង ព្រមជាមួយនឹងគោលបំណង តែមួយគត់គឺ «មិនទុកនរណាម្នាក់ នៅមីយ៉ាន់ម៉ាចោលនោះទេ»

ក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្រ្តីលើកឡើងថា «ជំនួយមនុស្សធម៌ មិនគួរត្រូវបានលាបពណ៌អ្វីឡើយ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូខាងក្រៅ គួរតែទុកមួយឡែក នូវការខ្វែងគំនិតផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆ័ត្រមនុស្សធម៌ ដើម្បីកែលម្អ ស្ថានភាពជាក់ស្តែងបន្តិចម្តងៗ។ មិនថាផ្នែកណាមួយ នៃប្រទេសមីយ៉ាន់ម៉ានោះទេ គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ហើយអ្វីដែលសំខាន់បំផុត ជាងគេនោះគឺថា ត្រូវតែបោះជំហានដំបូងទៅមុខ»

លោកបន្តថា ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាព នៃការប្តេជ្ញាចិត្តរួម របស់អាស៊ានក្នុងការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហា ដែលជាកង្វល់រួមនៅក្នុងតំបន់ ៕

To Top