នយោបាយ

សម្ដេចតេជោ៖ រាជរដ្ឋាភិបាល បានចុះហត្ថលេខាទិញ វ៉ាក់សាំងជាង១០៤លានដូសទៀត បម្រុងទុកឆ្នាំ ២០២៤-២០២៦ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤លានដូស បន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ និងដើម្បីធានាថា ប្រជាពលរដ្ឋ មិនខ្វះវាក់សាំងចាក់ ។

ក្នុងឱកាសអញ្ជើញ អបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ បានមានប្រសាសន៍ថា កូវីដបានចាប់ផ្ដើមងើបឡើងវិញ ដែលកាលពីថ្ងៃទី២៨ មិថុនា មានអ្នកឆ្លង ១០នាក់ ទី២៩ ឆ្លង ៧នាក់ និងទី៣០ ឆ្លង ៣នាក់ ។ សម្ដេចថា ការធ្វើតេស្តរហ័សមនុស្ស ប៉ុន្មានពាន់នាក់ ដែលចូលរួមកម្មវិធី ទិវាមច្ឆជាតិព្រឹកនេះ គឺរកឃើញ ៦នាក់វិជ្ជមានកូវីដ១៩ ក្នុងនោះ ៥ករណីនៅខេត្ត និង១ករណីមកពីភ្នំពេញ ។

សម្ដេចតេជោបន្តថា ចាំបាច់ត្រូវតែប្រុងប្រយ័ត្ន ជាបន្តទៀត ដើម្បីជៀសវាងការឆ្លង ព្រោះមិនទាន់ចប់ទេ ទាក់ទិន ជាមួយបញ្ហាកូវីដ១៩ ។ សម្ដេចថា គ្រាន់តែបានទប់ស្កាត់ កុំឲ្យធ្លាក់ទៅក្នុងជ្រោះមរណៈតែប៉ុណ្ណោះ ព្រោះអ្នកជំងឺនៅមាន ហើយចុះបញ្ជីឲ្យតែករណី ធ្វើតេស្តតាម PCR ប៉ុណ្ណោះ ចំពោះអ្នកតេស្តរហ័សត្រូវទៅតេស្ត PCR ដើម្បីបញ្ជាក់ជាប្រភេទអ្វី ។

សម្ដេចគូសបញ្ជាក់ថា បានធ្វើកិច្ចការយ៉ាងល្អ ដោយមានការចូលរួំពីសំណាក់ ប្រជាពលរដ្ឋ ។ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសុវត្ថិភាព បើទោះបីជាឆ្លងក៏មិននាំទៅ ដល់ការស្លាប់ ឬភាពធ្ងន់ធ្ងរ គឺរឿងតែមួយគត់ គឺចាក់វ៉ាក់សាំង ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ដើម្បីកាត់បន្ថយការឆ្លង ឬឆ្លងហើយកាត់បន្ថយ នូវភាពធ្ងន់ធ្ងរ ចាំបាច់ត្រូវចាក់វ៉ាក់សាំង ហើយខ្ញុំសូមបញ្ជាក់ កុំថាឡើយដូសទី៣ ទី៤ ទី៥ សូម្បីតែដូសទី២០ ក៏រាជរដ្ឋាភិបាលអត់យក លុយពីបងប្អូនដែរ គឺចាក់មួយសេរី ។ ខ្ញុំប្រើពាក្យថា ស្រោចវ៉ាក់សាំង ឥឡូវនេះនៅសល់ក្នុងឃ្លាំង ១០,៤លានដូសទៀត នៅសល់ជាង ២០លានដូសទៀតមិនទាន់ដឹកចូល ហើយយើងក៏បានចុះហត្ថលេខា ដើម្បីទិញជាង ១០៤លានដូសទៀត សម្រាប់ឆ្នាំ២០២៤ ២០២៥ ២០២៦ នេះជាការត្រៀមបម្រុងទុក របស់រាជរដ្ឋាភិបាល ធានាថាបងប្អូន យើងមិនខ្វះវ៉ាក់សាំងចាក់» ។

សម្ដេចបន្ថែមថា ប្រទេសខ្លះចាក់វ៉ាក់សាំង យកលុយ ប៉ុន្តែនៅកម្ពុជាអត់ទេ គឺមានតែឲ្យលុយថែម ដូចជាអ្នកដែលមានអាយុលើស ១០០ឆ្នាំ អ្នកដែលចំលេខរៀងទី ១លាន ២លាន….គឺទទួលបានថវិកាម្នាក់ ១០លានរៀលដើម្បីលើកទឹកចិត្ត ។

សម្ដេចតេជោលើកឡើងថា ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងជាង ១៥លាននាក់ អ្នកដែលចាក់ដូសទី៣ ទើបតែបានជាង ៩លាននាក់ ។ បើតាមការគណនារបស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងទូទាំងប្រទេសបានឲ្យដឹងថា ចំនួនដែលនៅសល់គឺនៅក្រោម ៥លាននាក់ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវយ៉ាងទទូចឲ្យ ប្រជាពលរដ្ឋ ទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា ៕

To Top