ព័ត៌មានជាតិ

សម្ដេច ស ខេង បណ្ដេញលោក សឿ សុថា អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចេញពីក្របខ័ណ្ឌនគរបាលជាតិ 

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញចេញលោក សឿ សុថា អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីក្របខ័ណ្ឌនគរបាលជាតិ ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

យោងតាមប្រកាសស្តីពីការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង នាពេលថ្មីៗ បានបញ្ជាក់ថា «ត្រូវបានអនុវត្តវិន័យចំពោះលោក សឿ សុថា អត្តលេខ ០១១៥២ អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រោមរូបភាពដកហូតមុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

ក្នុងសេចក្តីសម្រេចនេះ បានបន្តទៀតថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីថ្ងៃ ខែចុះហត្ថលេខាតទៅ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕

To Top